(ការ៉ាកាស់)៖ អតីតកងកម្លាំងពិសេសអាមេរិក ០២នាក់ ដែលបានចូលរួមក្នុងប្រតិបត្តិការប្រកបដោយភាពបរាជ័យ ដើម្បីចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានផ្តល់ចម្លើយសារភាពមួយចំនួន ទាក់ទងនឹងបេសកកម្មរបស់ពួកគេ ខណៈពួកគេទាំងពីររួមទាំងជនសង្ស័យជាច្រើនទៀត កំពុងស្ថិតក្រោមការឃុំឃាំង ដោយអាជ្ញាធរវេណេស៊ុយអេឡា។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន The Sun នៅរសៀលថ្ងៃពុធ ទី២០ ខែឧសភា ឆ្នា២០២០។
បុគ្គលទាំងពីរនាក់ខាងលើគឺ លោក លូក ឌែនមែន (Luke Denman) អាយុ ៣៤នាក់ និងលោក អៃរែន ប៊ែរី (Airan Berry) អាយុ ៤១ឆ្នាំ ត្រូវបានគេឃើញស្លៀកសម្លៀកបំពាក់អ្នកទោសពណ៌ទឹកក្រូច នៅក្នុងឃ្លីបវីដេអូមួយ ចេញផ្សាយដោយស្ថានីយទូរទស្សន៍រដ្ឋវេណេស៊ុយអេឡា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។
ក្នុងឃ្លីបវីដេអូខាងលើនេះ បុរសទាំងពីរបានសារភាពថា ពួកគេបានប្រើប្រាស់ពាក្យថា «Jackpot» ដែលមានន័យថា «រង្វាន់ធំ» សម្រាប់សម្គាល់លោក ម៉ាឌូរ៉ូ នៅក្នុងបេសកកម្មរបស់ពួកគេ ដែលមានគោលដៅចាប់ខ្លួនលោកប្រធានាធិបតីវេណេស៊ុយអេឡា ហើយបញ្ជូនទៅចេញទៅកាន់សហរដ្ឋអាមេរិក។
លោក Denman ត្រូវបានអាជ្ញាធរវេណេស៊ុយអេឡាសួរសំណួរមួយចំនួន អំពីមេក្លោងនៅពីក្រោយប្រតិបត្តិការបរាជ័យ ដែលបានកើតឡើងនាពេលកន្លងទៅនេះ ហើយរូបគេបានឆ្លើយថា គឺអតីតមន្ត្រីកងកម្លាំងពិសេសអាមេរិកឈ្មោះ ចរដាន ហ្គោដ្រូ (Jordan Goudreau) ដែលជាប្រធានក្រុមហ៊ុនសន្តិសុខមួយហៅថា ស៊ីបវើខបអាមេរិក (Silvercorp USA) មានមូលដ្ឋាននៅរដ្ឋផ្លូរីដានៃសហរដ្ឋអាមេរិក។ រីឯលោក Berry ត្រូវបានអាជ្ញាធរវេណេស៊ុយអេឡា សួរសំណួរមួយចំនួនផ្សេងទៀត ទាក់ទងនឹងបេសកកម្មរបស់ខ្លួន។
អតីតកងកម្លាំងពិសេសអាមេរិកទាំងពីរនាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៤ ខែឧសភា រួមជាមួយមនុស្សមួយចំនួនទៀត ហើយបានឆ្លើយសារភាពថា លោក Goudreau ប្រធានក្រុមហ៊ុន Silvercorp នៅអាមេរិកជាមេក្លោង ដែលស្ថិតនៅពីក្រោយប្រតិបត្តិការប្រឆាំងលោក ម៉ាឌូរ៉ូ។ អ្នកទាំង ៣ស្គាល់គ្នាកាលពីពេលបម្រើការជាទាហាននៅអ៉ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។
ជុំវិញប្រតិបត្តិការខាងលើនេះ អាជ្ញាធរវេណេស៊ុយអេឡាបាននិយាយថា ក្រុមកងកម្លាំងប្រដាប់អាវុធស៊ីឈ្នួលអាមេរិកទាំងអស់នេះពិតជាថ្លើមធំមែន ដែលហ៊ានប្រើស្ទីល (Style) ដូច «រុំាបូ» ចង់ចូលមកចាប់ខ្លួន ឬធ្វើឃាតប្រធានាធិបតីវេណេស៊ុយអេឡាមួយទាំងមូល យ៉ាងស្រស់ៗតែម្តង។
ដោយឡែក ទោះបីរងការចោទប្រកាន់ថា អាមេរិកច្បាស់ជាមានជាប់ពាក់ព័ន្ធនឹងប្រតិបត្តិការខាងលើក៏ដោយ ក៏ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំបក្សប្រឆាំងធំបំផុតនៅវេណេស៊ុយអេឡា លោក ហ្សន ហ្គៃដូ (Juan Guaido) សុទ្ធតែប្រកែកថា មិនបានជាប់ពាក់ព័ន្ធរឿងនេះឡើយ៕