(បាងកក)៖ ប្រទេសថៃ រំពឹងថាអាចនឹងផលិតបានវ៉ាក់សាំងប្រឆាំង COVID-19 រួចរាល់ នៅឆ្នាំ២០២១ បន្ទាប់ពីទទួលបានជោគជ័យក្នុងការធ្វើតេស្ដ វ៉ាក់សាំងនៅលើសត្វកណ្ដុរ។ នេះបើតាមមន្ត្រីជាន់ខ្ពស់ថៃម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។
លោក Taweesin Wisanuyothin ជាអ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព COVID-19 នៃរដ្ឋាភិបាលថៃ ធ្វើការអះអាងខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធនេះ។ ថ្លែងនាឱកាសនោះ លោក Taweesin បានឱ្យដឹងទៀតថា ថៃនឹងចាប់ផ្ដើមធ្វើតេស្ដលើវ៉ាក់សាំងដែលមានឈ្មោះបច្ចេកទេសថា mRNA នៅលើសត្វស្វា នៅសប្ដាហ៍ក្រោយនេះ ក្រោយទទួលបានជោគជ័យក្នុងការធ្វើតេស្ដវ៉ាក់សាំងលើខ្លួន សត្វកណ្ដុរ។ លោក បន្ថែមដូច្នេះថា៖ «វ៉ាក់សាំងរបស់ថៃ ត្រូវបានរំពឹងថាអាចនឹងត្រូវប្រើប្រាស់ នៅឆ្នាំក្រោយ»។
បច្ចុប្បន្ន មានវ៉ាក់សាំង COVID-19 ច្រើនជាង១០០ កំពុងស្ថិតនៅក្រោមការអភិវឌ្ឍ។ ប៉ុន្តែ អង្គការសុខភាពពិភពលោក WHO កាលពីខែមេសា កន្លងទៅ ធ្លាប់បានព្រមានថាការផលិតវ៉ាក់សាំង អាចនឹងត្រូវប្រើពេលយ៉ាងហោច ១២ខែ។
គួរបញ្ជាក់ថា បើតាមលោក Taweesin ថៃគឺជាប្រទេសដំបូងគេបំផុត នៅក្រៅប្រទេសចិន ដែលបានរកឃើញ COVID-19 មុនគេនៅក្នុងប្រទេស កាលពីខែមករា ហើយមកទល់នឹងពេលនេះ ថៃមានអ្នកឆ្លង COVID-19 ៣,០៣៤នាក់ ក្នុងនោះស្លាប់៥៦នាក់ និងជាសះស្បើយឡើងវិញ ២,៨៨៨នាក់៕