(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៉ីនៅថ្ងៃពុធនេះ បន្តប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួនរហូតទៅដល់ ៨,៧៦៤ករណីបន្ថែមទៀត នៅក្នុងរយៈពេលត្រឹម២៤ម៉ោង ដែលធ្វើឲ្យករណីឆ្លងសរុប កើនដល់ ៣០៨,៧០៥ករណី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នាថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងរយៈពេលដូចគ្នានេះ ក្រៅពីករណីឆ្លង រុស្ស៉ីក៏បានកត់ត្រាករណីស្លាប់ថ្មីៗចំនួន ១៣៥នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនករណីបាត់បង់ជីវិតសរុបនៅទូទាំងប្រទេសរុស្ស៉ីកើនដល់២,៩៧២នាក់។ ដោយឡែកសម្រាប់របាយការណ៍ស្តីអំពី ករណីអ្នកជាសះស្បើយវិញ អាជ្ញាធរសុខាភិបាលរុស្ស៉ីបានគូសបញ្ជាក់ថា មានចំនួនសរុប៨៥,៣៩២នាក់ បន្ទាប់ពីអ្នកជំងឺចំនួន ៩,២៦២នាក់ទៀត ទើបតែបានជាសះស្បើយ និងបានចាកចេញពីមន្ទីរពេទ្យកាលពីម្សិលមិញនេះ។
រដ្ឋធានីម៉ូស្គូ ដែលជាតំបន់រងគ្រោះខ្លាំងជាងគេប្រចាំប្រទេសរុស្ស៉ី បានបញ្ជាក់ថាមានករណីឆ្លងថ្មីចំនួន ២,៦៩៩នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបនៅក្នុងទីក្រុងមួយនេះ បានកើនដល់ទៅ ១៥២,៣០៦ករណី។
បើតាមរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិអ្នកប្រើប្រាស់ និងសុខុមាលភាពប្រជាជនរបស់រុស្ស៊ី ដែលចេញផ្សាយនៅថ្ងៃពុធនេះបានឲ្យដឹងថា គិតត្រឹមថ្ងៃអង្គារម្សិលមិញ មនុស្សចំនួន២៧៣,៩៥៣នាក់ កំពុងស្ថិតក្រោមការឃ្លាំមើលតាមបែបវេជ្ជសាស្រ្ត រីឯអ្នកដែលបានធ្វើតេស្តរកជំងឺ COVID-19 នៅទូទាំងប្រទេសរុស្ស៉ី តាមរយៈមន្ទីរពិសោធន៍ បានមាន៧.៥លាននាក់៕