(ការ៉ាជី)៖ មនុស្សម្នាក់ក្នុងចំណោម ០២នាក់ដែលអាចរួចផុតពីស្លាប់ នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្ដហោះក្នុងប្រទេសប៉ាគីស្ថាន កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ ដែលបានផ្ដាច់ជីវិតមនុស្ស ៩៧នាក់នោះ បានរៀបរាប់ពីហេតុការណ៍ដ៏រន្ធត់ ដោយរូបគេបានលោតចេញពីលើយន្ដហោះ ដែលកំពុងឆាបឆេះទាំងត្រដាបត្រដួស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០។
បើតាមក្រុមហ៊ុនអាកាសចរណ៍អន្តជាតិប៉ាគីស្ថាន (PIA) យន្ដហោះរបស់ខ្លួនផ្ទុកមនុស្សសរុប ៩៩នាក់ បានធ្លាក់លើផ្ទះជាច្រើនខ្នងរបស់អ្នកស្រុក បន្ទាប់ពីម៉ាស៊ីនទាំងពីរមានបញ្ហា ខណៈវាហោះជិតដល់អាកាសយានដ្ឋានក្នុងទីក្រុង Karachi ទៅហើយ។ ករណីធ្លាក់យន្ដហោះនេះទៀតសោត កើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរប៉ាគីស្ថានបើកជើងហោះហើរឡើងវិញនៅក្នុងប្រទេស មុននឹងថ្ងៃរ៉យ៉ាហ្វីទ្រី (Eid al-Fitr) បញ្ចប់ខែរ៉មាឌនសម្រាប់ជនមូស្លីម នឹងចូលមកដល់នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។
តាមរយៈវីដេអូមួយដែលត្រូវបានថតនៅលើគ្រែក្នុងមន្ទីរពេទ្យ បុរសឈ្មោះ ម៉ូហាំម៉ាត់ ហ្ស៊ូប៊ែរ (Mohammad Zubair) ជាមនុស្សម្នាក់ក្នុងចំណោម ០២នាក់ ដែលរួចផុតពីសេចក្ដីស្លាប់ បានរៀបរាប់ហេតុការណ៍ដ៏រន្ធត់នោះយ៉ាងដូច្នេះថា «បន្ទាប់ពីយន្ដហោះធ្លាក់ចំផ្ទះអ្នកស្រុកហើយ នៅពេលនោះខ្ញុំដឹងខ្លួនវិញ។ ខ្ញុំបានឃើញភ្លើងឆាបឆេះគ្រប់ទីកន្លែងនៅជុំវិញខ្លួន និងលឺសំឡេងក្មេង និងមនុស្សចាស់ស្រែកយំ។ សម្រែកទាំងនេះលឺគ្រប់ទីកន្លែង ខណៈអ្នកគ្រប់គ្នាប្រឹងប្រែង ដើម្បីបន្តរស់នៅតទៅទៀត។ ភ្លាមនោះដែរ ខ្ញុំបានដោះខ្សែក្រវាត់កៅអីអង្គុយរបស់ខ្ញុំ ហើយបានឃើញពន្លឺខ្លះ។ ខ្ញុំក៏សំដៅតាមពន្លឺ និងលោតចេញមកក្រៅតែម្ដង»។
គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលប៉ាគីស្ថាន លោក Mohammad Zubair រងរបួសរលាកភ្លើងធ្ងន់ធ្ងរ ប៉ុន្តែស្ថិតនៅក្នុងស្ថានភាពនឹងនរ ជាមួយអ្នកនៅរស់មានជីវិតម្នាក់ទៀត ដែលត្រូវបានគេកំណត់អត្តសញ្ញាណឈ្មោះ ហ្សាហ្វា ម៉ាស៊ូដ (Zafar Masud) ជាប្រធានធនាគារខេត្តផាន់ចាប់ (Bank of Punjab)។
យន្តហោះរបស់អាកាសចរណ៍អន្តរជាតិប៉ាគីស្ថាន PIA បានហោះហើរពីទីក្រុងឡាហ័រ (Lahore) នៃខេត្តផាន់ចាប់ (Punjab) សំដៅទៅទីក្រុងការ៉ាជី រួចក៏បានដាច់ការទាក់ទងនៅវេលាម៉ោង ៥៖៣០នាទីល្ងាចថ្ងៃសុក្រ ទើបក្រោយមកទៀតមានសេចក្តីរាយការណ៍ថា វាបានធ្លាក់លើតំបន់មានផ្ទះប្រជាជនច្រើនស្ថិតនៅទីក្រុងការ៉ាជី៕