(ម៉ាឌ្រីដ)៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez នៅថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០នេះ បាននិយាយថាប្រទេសរបស់លោកនឹងបើកទ្វារ ទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ ចាប់ពីខែកក្កដា តទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។
ការប្រកាសខាងលើរបស់លោក Pedro Sanchez ធ្វើឡើងក្រោយស្ថានភាព COVID-19 មានសភាពធូរស្រាល ខណៈវិធានការរឹតត្បិតនានាត្រូវបានបន្ធូរបន្ថយ ដោយសន្សឹមៗ។ អេស្ប៉ាញ បានដាក់ប្រទេសក្នុងគ្រាអាសន្នកាលពីថ្ងៃទី១៤ ខែមីនា ហើយបច្ចុប្បន្នក៏ជាប្រទេសមួយក្នុងចំណោមប្រទេសអឺរ៉ុបដទៃទៀតដែល កំពុងបន្ធូរបន្ថយវិធានការរឹតត្បិតប្រឆាំងនឹង COVID-19 ផងដែរ បើទោះជាអ្នកជំនាញ និងអង្គការសុខភាពពិភពលោក ព្រមានពីរលកទី២ក៏ដោយ។
បើតាមគេហទំព័រ worldometers គិតត្រឹមថ្ងៃសៅរ៍នេះ អេស្ប៉ាញមានអ្នកឆ្លង COVID-19 សរុប ២៨១,៩០៤នាក់ ក្នុងនោះស្លាប់ ២៨,៦២៨នាក់ និង១៩៦,៩៥៨ នាក់ បានជាសះស្បើយឡើងវិញ៕