(ព្យុងយ៉ាង)៖ កូរ៉េខាងជើងទើបតែបានពិភាក្សាអំពីគោលនយោបាយថ្មី ដែលសំដៅបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់ សង្រ្គាមអាវុធនុយក្លេអ៊ែរ នៅក្នុងកិច្ចប្រជុំការពារជាតិមួយ ដែលធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីសំណាក់ លោក គីម ជុងអ៊ុន។ នេះបើតាមដកស្រង់ការផ្សាយចេញពីសារព័ត៌មាន The Guardian នៅថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០។
ប្រភពដើមនៃដំណឹងខាងលើ គឺបានមកពីសេចក្តីរាយការណ៍របស់ ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA។ យ៉ាងណាមិញ KCNA មិនបានបញ្ជាក់លម្អិតអ្វីច្រើនឡើយ ក្រៅតែពីមានការពិភាក្សាអំពីគោលនយោបាយថ្មី ទាក់ទងនឹងការពង្រឹងសមត្ថភាព ទប់ស្កាត់មិនឲ្យមានសង្រ្គាមនុយក្លេអ៊ែរ។ ម៉្យាងវិញទៀត ក៏ពុំមានការបញ្ជាក់ថា កិច្ចប្រជុំនោះត្រូវបានធ្វើឡើងកាលពីថ្ងៃណាដែរ ប៉ុន្តែវាទំនងជាបានប្រព្រឹត្តទៅកាលពីប៉ុន្មានថ្ងៃមុន។
គួរជម្រាបថា ព័ត៌មាននៃការពិភាក្សាគោលនយោបាយនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះ បានកើតឡើង បន្ទាប់ពីមានដំណឹងថា សហរដ្ឋអាមេរិកកំពុងត្រៀមធ្វើតេស្តអាវុធនុយក្លេអ៊ែរ ដែលមិនធ្លាប់មានក្នុងរយៈពេលជិត៣០ឆ្នាំមកនេះ ដើម្បីជាសារព្រមាន ចំពោះប្រទេសរុស្ស៉ីក៏ដូចជាចិន៕