(សេអ៊ូល)៖ កូរ៉េខាងត្បូងនាថ្ងៃចន្ទនេះបានរាយការណ៍ថា ខ្លួនបានរកឃើញករណីឆ្លង COVID-19 ចំនួន១៦នាក់ថ្មី ក្នុងរយៈពេល២៤ម៉ោង ដែលធ្វើឲ្យតួលេខអ្នកឆ្លងសរុប ដែលត្រូវបានរកឃើញនៅក្នុងប្រទេសអាស៊ីខាងកើតនេះ កើនដល់១១,២០៦នាក់។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។

អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា អត្រាអ្នកឆ្លងប្រចាំថ្ងៃបានបន្តស្ថិតនៅក្រោម២០ករណី រយៈពេល០៤ថ្ងៃជាប់គ្នា។ ដោយឡែក ក្នុងចំណោមករណីថ្មីៗខាងលើវិញ មាន០៣ករណីជាករណីនាំចូល ដែលប្រការនេះធ្វើឲ្យអ្នកជំងឺ COVID-19 បែបនាំចូលនៅ ក្នុងប្រទេសកូរ៉េខាងត្បូងកើនដល់១,២១៥នាក់។

ក្រៅពីនេះករណីឆ្លង មានអ្នកជំងឺម្នាក់ទៀតបានស្លាប់។ សរុបមកអ្នកជំងឺ COVID-19 សរុប២៦៧នាក់ បានបាត់បង់ជីវិត នៅកូរ៉េខាងត្បូង។ ចំណែកអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយឡើងវិញ មាន១០,២២៦នាក់ ក្រោយ១៣នាក់ទៀត ទើបត្រូវអនុញ្ញាតឲ្យចេញពីពេទ្យ។

គួរជម្រាបថា គិតចាប់តាំងពីដើមខែមករា ឆ្នាំ២០២០នេះ កូរ៉េខាងត្បូងបានធ្វើតេស្តរក COVID-19 លើមនុស្សច្រើនជាង៨២៦,០០០នាក់ ក្នុង នោះ៧៩៦,១៤២នាក់ ចេញលទ្ធផលអវិជ្ជមាន ខណៈ១៩,០៨៩នាក់ទៀតកំពុងស្ថិតក្រោមការពិនិត្យ៕