(ប៉េកាំង)៖ AG600 ដែលជាប្រភេទយន្ដហោះអាចហោះឡើង និងចុះចតលើដីគោកព្រមទាំងផ្ទៃទឹករបស់ចិន នឹងដឹកនំាការហោះហើរមួយចេញពីផ្ទៃសមុទ្រ នៅត្រីមាសទី ២ ក្នុងឆ្នាំ២០២០នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។
ទីភ្នាក់ព័ត៌មានស៊ីនហួរ ផ្អែកលើក្រុមហ៊ុនសហប្រតិបត្តិការឧស្សាកម្មយន្ដហោះរដ្ឋចិន (Aviation Industry Corporation of China ឬ AVIC) បានឱ្យដឹងទៀតថា យន្ដហោះខ្នាតធំ AG600 នេះនឹងធ្វើការហោះហើរធម្មតា ចេញពីផ្ទៃសមុទ្រនៃតំបន់ឆ្នេរទីក្រុងឈីងតាវ (Qingdao) នៃខេត្ត សានទុង (Shandong) ស្ថិតនៅភាគខាងកើតប្រទេសចិន។ ក្រុមហ៊ុន AVIC បានបន្ថែមថា ការហោះហើរនេះនឹងក្លាយជាការបោះជំហានមួយដ៏ធំ នៃគម្រោងអភិវឌ្ឍយន្តហោះ AG600។
គួរជម្រាបថា AG600 ឬមានឈ្មោះមួយទៀតថា ឃុនឡុង (Kunlong) ត្រូវបានអភិវឌ្ឍ និងផលិតឡើងដោយក្រុមហ៊ុន AVIC ដោយវាជាប្រភេទយន្ដហោះខ្នាតធំបំផុតនៅលើពិភពលោក អាចហោះឡើងរួចចុះចតវិញទាំងពីលើដីគោក និងផ្ទៃទឹក។ យន្ដហោះមានតួនាទីពិសេស សម្រាប់ប្រតិបត្តិការជួយសង្រ្គោះ ព្រមទាំងគ្រប់គ្រង និងបង្ការគ្រោះមហន្តរាយធម្មជាតិ៕