(កងបេរ៉ា)៖ ការបាញ់ផ្កាយរណបកាលពីសប្តាហ៍មុនរបស់ប្រទេសរុស្ស៉ី បានបង្កើតជាព្រឹត្តិការណ៍ដុំបាល់ភ្លើង ហោះកាត់ផ្ទៃមេឃក្នុងប្រទេសអូស្រ្តាលី។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Space នៅរសៀលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។
កាលពីថ្ងៃសុក្រសប្តាហ៍មុន រុស្ស៉ីបានបញ្ជូនផ្កាយរណបយោធាមួយគ្រឿង ឡើងទៅកាន់គន្លងតារាវិថី ដោយប្រើគ្រាប់រ៉ុក្កែត សូយឹស-២ (Soyuz-2) ដែលមានសរុប ០៤កំណាត់ចេញពីមជ្ឈមណ្ឌល ផ្លេសេត ខូស្មូដ្រូម (Plesetsk Cosmodrome) នៅភាគពាយ័ព្យប្រទេសរុស្ស៉ី។ ផ្កាយរណបនោះត្រូវគេជឿថា ជាផ្កាយរណបទី ៤ នៃបណ្តាញប្រព័ន្ធប្រកាសអាសន្នពីគ្រាប់មីស៊ីលហៅថា អ៊ីខេអេស អ័យប៊ូ (EKS OiBU) របស់រុស្ស៉ី។
យោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារអវកាសរុស្ស៉ី រ៉ូសខូស្មូស (Roscosmos) រ៉ុក្កែត Soyuz បាននាំយកផ្កាយរណបខាងលើឡើងទៅដល់គោលដៅរបស់វា ខណៈកំណាត់ទី ០៣របស់គ្រាប់រ៉ុក្កែតត្រូវគេរំពឹងថា នឹងធ្លាក់ចូលមកក្នុងបរិយាកាសផែនដីវិញ នៅភាគអាគ្នេយប្រទេសអូស្រ្តាលី ដោយបំណែកនានានៃកំណាត់នោះ ដែលឆ្លងផុតការឆាបឆេះត្រូវបានកំណត់គោលដៅថា នឹងធ្លាក់ចូលមហាសមុទ្រប៉ាស៊ីហ្វិកត្រង់ចំណុចរដ្ឋដីកោះ តាស្មានៀ (Tasmania) ភាគខាងត្បូងអូស្ត្រាលី។
គួរជម្រាបថា ការធ្លាក់ចុះមកវិញនៃកំណាត់គ្រាប់រ៉ុក្កែត Soyuz របស់រុស្ស៉ី បានផ្តល់ឱកាសមនុស្សម្នាជាច្រើននាក់ ដែលនៅភាគកណ្តាលរដ្ឋ វិចតូរៀ (Victoria) រហូតដល់ភាគខាងជើងរដ្ឋ Tasmania អាចមើលឃើញ ដុំបាល់ភ្លើងយ៉ាងភ្លឺចិញ្ចាចហោះកាត់នៅលើផ្ទៃមេឃ៕