(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០នេះ បានរាយការណ៍ពីចំនួនអ្នកឆ្លង COVID-19 ថ្មីៗដែលត្រូវបានរកឃើញក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ រហូតដល់ទៅ ៤០នាក់ឯណោះ ដោយវាជាតួលេខខ្ពស់ មិនធ្លាប់ដែលបានជួបប្រទះ ៤៩ថ្ងៃមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ៤០នាក់ខាងលើនេះមាន ០៣នាក់ជាប្រភេទករណីនាំចូល COVID-19 ពីក្រៅប្រទេស និង ៣៦នាក់ជាករណីផ្ទុះការចម្លងជាចង្កោម នៅក្នុងឃ្លាំងស្តុកទំនិញមួយនៅតំបន់ ប៊ូឈន់ (Bucheon) ខណៈអ្នកពាក់ព័ន្ធសរុប ៣,៦០០នាក់ត្រូវបានណែនាំឲ្យទៅធ្វើតេស្ត។ ដោយឡែកសម្រាប់ចំនួនអ្នកស្លាប់វិញ គឺស្ថិតនៅ ២៦៩នាក់ដដែលនៅក្នុងចំណោមករណីឆ្លងសរុប ១១,២៦៥ករណី។ បន្ថែមពីនេះចំនួនអ្នកចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយពីជំងឺ COVID-19 នៅកូរ៉េខាងត្បូង ក៏បានកើនឡើងដល់ ១០,២៩៥នាក់ផងដែរ ឬស្មើនឹង ៩១.៤% នៃចំនួនករណីឆ្លងសរុប។
គួរបញ្ជាក់ថា គិតចាប់តាំងពីការផ្ទុះជំងឺឆ្លង COVID-19 នៅកូរ៉េខាងត្បូងកាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ អាជ្ញាធរសុខាភិបាលប្រទេសនេះ បានធ្វើតេស្តលើមនុស្សសរុបជាង ៨៥២,០០០នាក់ហើយ ដោយក្នុងនោះជាង ៨២០,០០០នាក់ចេញលទ្ធផលអវិជ្ជមាន និង ២១,០៦១នាក់ទៀតកំពុងស្ថិតក្នុងការតាមដាន៕