(ហុងកុង)៖ នៅថ្ងៃពុធនេះស្ថានការណ៍នៅទីក្រុងហុងកុង កាន់តែតានតឹងបន្ថែមទៀត ស្របពេលដែលការជជែកដេញដោលជាលើកទីពីរ ជុំវិញច្បាប់មួយទាក់ទងនឹងបទភ្លេងជាតិនៃប្រទេសចិន ត្រូវបានធ្វើឡើងនៅសភាហុងកុង ចំពោះមុខការធ្វើបាតុកម្មតវ៉ា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។
ច្បាប់ខាងលើមានគោលដៅដាក់ទោសលើការប្រមាថមើលងាយ ចំពោះបទភ្លៀងជាតិរបស់ប្រទេសចិន ហើយវាក៏នឹងតម្រូវឲ្យបទភ្លេងនេះ ត្រូវតែបង្រៀននៅតាមសាលារៀន ហើយច្រៀងតាមស្ថាប័ន និងអង្គភាពនានាក្នុងទីក្រុងហុងកុងផងដែរ។ ស្របពេលដែលការជជែកដេញដោលជាថ្មីម្តងទៀតជុំវិញច្បាប់នេះត្រូវបានធ្វើឡើង ប៉ូលិសហុងកុងត្រូវបានដាក់ពង្រាយនៅជុំវិញអគារសភាហុងកុង ដើម្បីការពារពីក្រុមអ្នកធ្វើបាតុកម្មតវ៉ា ហើយប៉ូលិសក៏បានប្រើគ្រាប់ផ្សែងបង្ហូរទឹកភ្នែក បាញ់លើក្រុមបាតុករថែមទៀតផង។
គួរជម្រាបថា ក្រៅពីច្បាប់ខាងលើ ទីក្រុងហុងកុងក៏តែប្រឈមនឹងបញ្ហាមួយផ្សេងទៀត ជុំវិញគម្រោងរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលចង់ដាក់ចេញនូវ ច្បាប់សន្តិសុខជាតិថ្មីសម្រាប់ទីក្រុងស្វយ័តពិសេសនេះ៕