(ឡុងដ៍)៖ ព័ត៌មានដែលថាទីប្រឹក្សាដ៏ជំនិត របស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស និងគ្រួសារបានល្មើសបំរាមធ្វើដំណើរទាក់ទងនឹង COVID-19 បាននិងកំពុងបង្កការមិនពេញចិត្តជាខ្លាំង ក្នុងចំណោមសាធារណជននៅចក្រភពអង់គ្លេស ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសបានលើកថា វាដល់ពេលដែលត្រូវបំភ្លេចរឿងនេះចោលហើយ ព្រោះនៅមានរឿងជាច្រើនទៀត ដែលយើងទាំងអស់គ្នាយកចិត្តទុកដាក់ខ្លាំងវិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។
រដ្ឋមន្រ្តីលំនៅឋាន និងសហគមន៍របស់ចក្រភពអង់គ្លេស លោក រ៉ូប៊ឺត ជែនរីក (Robert Jenrick) បាននិយាយយ៉ាងដូច្នេះថា «ឥឡូវខ្ញុំយល់ថា វាដល់ពេលពួកយើងទាំងអស់គ្នា ត្រូវបំភ្លេចរឿងនេះចោល។ យ៉ាងណាមិញ វាមិនមែនមានន័យថា នេះមិនមែនជារឿងសំខាន់ ឬមហាជនត្រូវខ្វាយខ្វល់អំពីវានោះទេ ប៉ុន្តែខ្ញុំគិតថានៅមានរឿងជាច្រើនផ្សេងទៀត ដែលយើងត្រូវតែផ្តោតការយកចិត្តទុកដាក់នាពេលនេះ ដូចជារឿង COVID-19 និង រឿងសេដ្ឋកិច្ចជាដើម»។
គួរជម្រាបថា កាលពីសប្តាហ៍កន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងចក្រភពអង់គ្លេស បានទម្លាយឲ្យដឹងថា ទីប្រឹក្សាជាន់ខ្ពស់របស់លោក បូរីស ចនសុន (Boris Johnson) គឺលោក ដូមីនីក ឃ្យូមមីង (Dominic Cummings) ព្រមទាំងភរិយា និងកូនៗលោក បានធ្វើដំណើរជាង ៤០០គីឡូម៉ែត្រពីទីក្រុងឡុងដ៍ ទៅកាន់ទីក្រុង ដ្យួរហាម (Durham) នៅភាគខាងជើងអង់គ្លេស កាលពីចុងខែមីនា ដើម្បីស្នាក់នៅជាមួយឪពុកម្តាយលោក បន្ទាប់ពីភរិយាចាប់ផ្តើមចេញរោគសញ្ញាស្រដៀង COVID-19 ស្របពេលដែលចក្រភពអង់គ្លេសទាំងមូល ស្ថិតក្រោមវិធានការរឹតបន្តឹងការធ្វើដំណើរ ដើម្បីទប់ស្កាត់ការរាតត្បាត COVID-19។
ទង្វើរបស់លោកគឺផ្ទុយពីគោលការណ៍ណែនាំរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដែលទទូចកុំឲ្យមានការចាកចេញពីលំនៅឋាន ជាពិសេស អ្នកដែលមានរោគសញ្ញាសង្ស័យ ទោះក្រោមហេតុផលអ្វីក៏ដោយ។ លោក Cummings បានលើកហេតុផលការពារការសម្រេចចិត្តរបស់ខ្លួន ថា រូបលោកនិងភរិយាគឺចង់ធានាថា កូនៗនឹងទទួលបានការមើលថែទាំ ក្នុងករណីដែលអ្នកទាំងពីរធ្លាក់ខ្លួនឈឺ COVID-19។
ទោះជាបែបនេះក៏ដោយ មន្រ្តីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលចក្រភពអង់គ្លេសបានសុខចិត្តលាលែងពីតំណែងជុំវិញរឿងចម្រូងចម្រាសនេះ បន្ទាប់ពីលោក Cummings ផ្ទាល់មិនព្រមទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ខណៈលោក Johnson ក៏មិនព្រមដកតំណែងរបស់លោក Cummings ហើយថែមទាំងនិយាយកាន់ជើងទៀត។ រីឯ លោក Jenrick ក៏យល់ថា លោក Cummings មិនគួរត្រូវចុះពីតួនាទីដែរ៕