(សិង្ហបុរី)៖ ក្នុងរបាយការណ៍ប្រចាំថ្ងៃពុធនេះ សិង្ហបុរីបានរាយការណ៍ពីការរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ៥៣៣នាក់ថែមទៀត ធ្វើឲ្យតួលេខអ្នកឆ្លងសរុបកើនដល់ ៣២,៨៧៦នាក់ និងបន្តឈរនៅលេខ១ប្រចាំតំបន់អាស៊ានដដែល។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។
ក្នុងចំណោមករណីទាំងនោះ គឺសឹងតែទាំងអស់ជាករណីឆ្លងនៅតាមអគារស្នាក់នៅ សម្រាប់ពលករបរទេសដែលធ្វើការនៅសិង្ហបុរី ហើយត្រឹមតែ ០៣ករណីប៉ុណ្ណោះជាពលរដ្ឋសិង្ហបុរី ឬអ្នកមានទីលំនៅអចិន្រ្តៃយ៍។ ចំណែកឯចំនួនអ្នកជំងឺដែលបានស្លាប់ នៅក្នុងប្រទេសដីកោះដ៏តូចនេះគឺនៅត្រឹម ២៣នាក់ដដែល។ ក្នុងចំណោមអ្នកដែលបានឆ្លង COVID-19 ទាំងជិត ៣៣,០០០នាក់នៅសិង្ហបុរី គឺខ្ទង់ពាក់កណ្តាលត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ។
គួរជម្រាបថា ដោយសារវិបត្តិ COVID-19 សិង្ហបុរីកំពុងប្រឈមនឹងឱនភាពសេដ្ឋកិច្ចធ្ងន់ធ្ងរខ្លាំង ដោយនៅក្នុងឆ្នាំ២០២០ អ្នកជំនាញរំពឹងថា GDP របស់សិង្ហបុរីនឹងធ្លាក់ចុះមកនៅត្រឹមតែ ០៧ភាគរយប៉ុណ្ណោះ ហើយរដ្ឋាភិបាលសិង្ហបុរីកាលពីថ្ងៃអង្គារម្សិលមិញ ទើបតែបានបញ្ចេញកញ្ចប់ថវិកាទី ៤ របស់ខ្លួនសម្រាប់ឆ្នាំនេះដែលមានទំហំ ៣៣ពាន់លានដុល្លារសិង្ហបុរី (ជាង ២៣ពាន់លានដុល្លារអាមេរិក) ដើម្បីសង្គ្រោះស្ថានការណ៍ជារួម៕