(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីបានសម្រេចអនុញ្ញាត ឲ្យមានការប្រារព្ធក្បួនព្យុហយាត្រាប្រចាំឆ្នាំ ដើម្បីអបអរទិវាជ័យជម្នះលើកទី ៧៥ នៃសហភាពសូវៀតលើរបបណាស៊ីស (Nazis) អាល្លឺម៉ង់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ខាងមុខនេះឡើងវិញ ទោះបីជាការឆ្លងរាតត្បាតជំងឺ COVID-19 ក្នុងប្រទេសមួយនេះ នៅតែកំពុងមានសន្ទុះខ្លាំងក្លាក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២០។
លោក ពូទីន បានលើកឡើងក្នុងកិច្ចប្រជុំតាមអនឡាញ ជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក ស៊ឺហ្គៃ សយហ្គូ (Sergei Shoigu) យ៉ាងដូច្នេះថា «យើងនឹងប្រារព្ធវាឡើងនៅថ្ងៃទី២៤ ខែមិថុនា ជាថ្ងៃដែលប្រារព្ធក្បួនដង្ហែរជាប្រវត្តិសាស្ត្រ, ជាប្រវត្តិសាស្ត្រនៃបណ្តាអ្នកឈ្នះទាំងឡាយ...»។ លោក ពូទីន ធ្លាប់បានប្រកាសផ្អាកកម្មវិធីខាងលើនេះម្តង កាលពីថ្ងៃទី០៩ ខែឧសភា ដោយសារតែពេលនោះ ស្ថានការណ៍ COVID-19 មានសភាពអាក្រក់ជាងបច្ចុប្បន្ន។
គួរបញ្ជាក់ថា នៅក្នុងរបាយការណ៍ថ្មីនាថ្ងៃពុធ ទី២៧ ខែឧសភានេះ រុស្ស៊ីបានរកឃើញអ្នកឆ្លង COVID-19 ថ្មីៗចំនួន ៨,៣៣៨នាក់ទៀត ធ្វើឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៣៧០,៦៨០ករណី ខណៈអ្នកស្លាប់ថ្មីៗមានចំនួន ១៦១នាក់ទៀតធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣,៩៦៨នាក់។ រុស្ស៊ីជាប់លេខ ៣ លើលោកបន្ទាប់ពីអាមេរិក និងប្រេស៊ីលជាប្រភេទមានករណីឆ្លង COVID-19 ច្រើនបំផុត៕