(ហ្សិនជិន)៖ ក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់ចិន Huawei បានបង្ហាញការខកចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចដោយតុលាការការ ទៅលើលោកស្រី ម៉េង វ៉ាន់ចូវ (Meng Wanzhou) ដែលជានាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុននេះ និងជាកូនស្រីបង្កើតរបស់បិតាស្ថាបនិក Huawei។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ Huawei ចេញពីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងហ្សិនជិន ប្រទេសចិនបានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានបង្ហាញជំហរប្រកបដោយទំនុកចិត្តដដែល ចំពោះភាពគ្មានកំហុសរបស់លោកស្រី ម៉េង។ ក្រុមហ៊ុន Huawei បន្តឈរនៅជាមួយលោកស្រី ម៉េង ដើម្បីទាមទារឲ្យបាននូវយុត្តិធម៌ និងសេរីភាពឡើងវិញ។ យើងរំពឹងថា ប្រព័ន្ធតុលាការនៅកាណាដា នឹងស្វែងរកភាពស្អាតស្អំជូនដល់លោកស្រី ម៉េង។ មេធាវីលោកស្រី ម៉េង នឹងបន្តធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីរកឲ្យបាននូវយុត្តិធម៌»។
គួរបញ្ជាក់ថា នៅថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅកាណាដា) តុលាការកាណាដាបានសម្រេចថា រឿងក្តីស្នើសុំការធ្វើបត្យាប័នលោកស្រី ម៉េង ទៅកាន់សហរដ្ឋអាមេរិកនោះ គឺអាចលើកយកមកធ្វើការពិភាក្សា និងសម្រេចចិត្តបាន។ ជុំវិញបញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក ចាវ លីចៀន (Zhao Lijian) បានអំពាវនាវឲ្យកាណាដា កែប្រែកំហុសរបស់ខ្លួនជាបន្ទាន់ និងដោះលែងលោកស្រី ម៉េង វ៉ាន់ចូវ ឲ្យមានសេរីភាពឡើងវិញ ព្រមទាំងធានាដំណើររបស់លោកស្រី ត្រឡប់មកកាន់ប្រទេសចិនវិញប្រកបដោយសុវត្ថិភាពផងដែរ៕