(អ៊ីស្លាម៉ាបាដ)៖ សេវាកម្មស៊ើបការណ៍សម្ងាត់នៃប្រទេសប៉ាគីស្ថាន បានសម្រេចប្រើប្រាស់ឧបករណ៍ឃ្លាំមើលសម្ងាត់ ដែលកន្លងមកត្រូវបានប្រើប្រាស់ ដើម្បីអង្កេតរកក្រុមសកម្មប្រយុទ្ធនោះ មកធ្វើការតាមដានរកអ្នកឆ្លងវីរុសកូរ៉ូណា និងអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ CNA នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។
ការយកបច្ចេកវិទ្យាសម្ងាត់មកប្រើជាសាធារណៈបែបនេះ ត្រូវបានអនុញ្ញាតដោយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក អ៉ីមរ៉ាន ខាន់ (Imran Khan) ហើយស្ថាប័នស៊ើបការណ៍សម្ងាត់ដ៏មានឥទ្ធិពលនៅក្នុងប្រទេសនេះគឺ ISI ត្រូវទទួលបន្ទុកស្វែងរកអ្នកសង្ស័យផ្ទុកវីរុសកូរ៉ូណា (COVID-19) ដែលកំពុងតែបន្តរីករាតត្បាតក្នុងកម្រិតខ្ពស់ នៅទូទាំងប្រទេសអាស៊ីខាងត្បូងមួយនេះ។
គួរបញ្ជាក់ថា មិនទាន់មានប្រភពណាមួយ អាចបញ្ជាក់អំពីវិធីសាស្ត្រសម្ងាត់ នៃការអង្កេតវីរុសខាងលើនេះឡើយ ប៉ុន្តែមន្ត្រីប៉ាគីស្ថានដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ តែងតែប្រើប្រាស់ឧបករណ៍ស្វែងរកទីតាំង (geo-fencing) និងទូរស័ព្ទដៃ ដើម្បីតាមដានរកទីតាំងលាក់ខ្លួននៃក្រុមសកម្មប្រយុទ្ធ។ បច្ចុប្បន្នប៉ាគីស្ថានមានករណីឆ្លង COVID-19 សរុប៦១,២២៧ករណី ក្នុងនោះស្លាប់ ១,២៦០នាក់ និងជាសះស្បើយវិញ ២០,២៣១នាក់៕