(ម៉ូស្គូ)៖ អាជ្ញាធរសុខាភិបាលរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០ នេះបានប្រកាសថា អ្នកជំងឺ COVID-19 ចំនួន ១៧៤នាក់បន្ថែមទៀត បានស្លាប់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបដោយសារ COVID-19 កើនដល់ ៤,១៤២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ។

បន្ថែមពីខាងលើនេះ នារយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា អ្នកឆ្លង COVID-19 ចំនួន ៨,៣៧១ករណីថ្មីក៏ត្រូវបានរាយការណ៍ផងដែរ នំាឱ្យអ្នកឆ្លងទូទាំងប្រទេសកើនដល់ ៣៧៩,០៥១នាក់ជាប់លេខ ៣ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រេស៊ីល។ អាជ្ញាធរសុខាភិបាលរុស្ស៊ីបានបន្ថែមថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ អ្នកជំងឺ ១៥០,៩៩៣នាក់ បានជាសះស្បើយឡើងវិញ ខណៈមនុស្ស ៩.៧លាននាក់បានទទួលការធ្វើតេស្ដរក COVID-19។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ីចាត់ទុកថាខ្លួនបានឆ្លងផុតចំណុចកំពូល នៃការឆ្លងរាលដាល COVID-19 រួចទៅហើយ ខណៈលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានណែនាំឲ្យក្រសួងសុខាភិបាល ត្រៀមខ្លួនទុកជាមុនចំពោះការផ្ទុះរលកទី ២ ដែលអាចកើតមានឡើង។ បច្ចុប្បន្នមនុស្សជាង ៣សែននាក់ទៀត កំពុងស្ថិតក្នុងការតាមដានរកវីរុសកូរ៉ូណា៕