(ប៉េកាំង)៖ ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រាប់កងទ័ពប្រជាជនចិន (PLA) ឲ្យត្រៀមខ្លួនជានិច្ចសម្រាប់ការធ្វើសង្គ្រាម បើទោះបីបញ្ហាបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19 នៅមិនទាន់បញ្ចប់ក៏ដោយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។
លោក ស៊ី ជិនពីង ត្រូវបានសារព័ត៌មានស៊ីនហួរ ដកស្រង់សម្តីយ៉ាងដូច្នេះថា «យើងចាំបាច់ត្រូវរិះរកវិធីបណ្តុះបណ្តាល និងត្រៀមខ្លួនសម្រាប់សង្គ្រាម ពីព្រោះកិច្ចប្រឹងប្រែងគ្រប់គ្រង ការរីករាលដាលនៃជំងឺរាតត្បាតសកល (COVID-19) បានធ្វើឱ្យអ្វីៗក្លាយជាធម្មតាឡើងវិញហើយ។ យើងចាំបាច់ត្រូវបង្កើនការត្រៀមរៀបចំ ក្នុងការកាន់អាវុធប្រយុទ្ធ, បណ្តុះបណ្តាលយោធាដើម្បីត្រៀមប្រយុទ្ធប្រកបដោយការបត់បែន និងបង្កើនសមត្ថភាពយោធារបស់យើង ក្នុងការបំពេញបេសកកម្មយោធា»។
គួរបញ្ជាក់ថា ការលើកឡើងរបស់ប្រធានាធិបតីចិនខាងលើនេះ គឺក្រោយពីមានការសម្រេចចិត្ត បង្កើនថវិកាជាតិសម្រាប់យោធាប្រមាណ ៦.៦ភាគរយបន្ថែមទៀត។ ដោយឡែកសារព័ត៌មានឥណ្ឌា India Today វិញបានចុះផ្សាយថា ការថ្លែងរបស់លោកប្រធានាធិបតីចិន បានកើតមានឡើងចំពេលដែលភាពតានតឹងរវាងឥណ្ឌា និងចិនកើនឡើងកាន់តែខ្លាំងនៅចំណុចព្រំដែន ឡាដាក (Ladakh) និង ស៊ីកគីម (Sikkim) ព្រមទាំងតំបន់ត្រីកោណ លីភូឡេក (Lupulekh) ជាមួយប្រទេសនេប៉ាល់។ បន្ថែមពីនេះ បញ្ហារវាងកោះតៃវ៉ាន់ និងចិនក៏កាន់តែក្តៅគគុកផងដែរ នាមួយរយៈពេលចុងក្រោយនេះ បន្ទាប់ពីប្រធានាធិបតីកោះតៃវ៉ាន់ ស្បថឡើងកាន់តំណែងអាណត្តិទី២៕