(វ៉ាស៊ីនតោន)៖ ប្រជាជនអាមេរិកខ្ទង់២.១លាននាក់ទៀត ទើបតែបានដាក់ពាក្យស្នើសុំការជួយឧបត្ថម្ភសម្រាប់អ្នកគ្មានការងារធ្វើ កាលពីសប្តាហ៍កន្លងទៅ ដែលវាគឺជាសញ្ញាស្តែងឲ្យឃើញថា ក្រុមហ៊ុននៅសហរដ្ឋអាមេរិក បាននិងកំពុងបន្តកាត់បន្ថយបុគ្គលិក ដោយសារផលប៉ះពាល់ពីវិបត្តិជំងឺឆ្លង COVID-19 បើទោះបីជាមានការបើកអាជីវកម្មសាជាថ្មី ហើយបុគ្គលិកខ្លះដែលត្រូវបានបញ្ឈប់ ត្រូវបានហៅឲ្យទៅធ្វើការងារវិញក៏ដោយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។

គិតចាប់តាំងពីវិបត្តិ COVID-19 បានផ្ទុះឡើងខ្លាំងកាលពីខែមីនា ឆ្នាំ២០២០ ប្រជាជនអាមេរិកសរុបប្រមាណជា៤១លាននាក់ បានបំពេញទម្រង់បែបបទ ដើម្បី សុំការជួយឧបត្ថម្ភពីសំណាក់រដ្ឋាភិបាល តាមរយៈកម្មវិធីជំនួយសម្រាប់អ្នកបាត់បង់ការងារ ប៉ុន្តែ ក្នុងចំណោមអ្នកទាំងនោះ អាចមានខ្លះទំនងជាមានការងារធ្វើវិញហើយ។

បើតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងការងារ អាមេរិក ចំនួនអ្នកដែលទទួលបានជំនួយសម្រាប់អ្នកគ្មានការងារធ្វើគឺត្រឹម ២១លាននាក់ ដែលអាចមានន័យថា ក្នុងចំណោម៤១លាននាក់ ដែលបានស្នើសុំការជួយឧបត្ថម្ភ គឺប្រមាណជាពាក់កណ្តាល ទំនងជាមានការងារធ្វើវិញហើយ ទើបមិនទទួលបានជំនួយ។

គួរជម្រាបថា អត្រាអ្នកគ្មានការងារធ្វើនៅទូទាំងសហរដ្ឋអាមេរិក បានកើនដល់១៤.៧ភាគរយ កាលពីខែមេសា ដែលខ្ពស់បំផុត គិតចាប់តាំងពីសម័យវិបត្តិសេដ្ឋកិច្ចសកលទសវត្សរ៍ឆ្នាំ១៩៣០ ហើយអ្នកជំនាញភាគច្រើនរំពឹងថា អត្រានេះនឹងបន្តកើនថែមទៀតដល់ ជិត២០ភាគរយនៅខែឧសភានេះ។

យ៉ាងណាមិញ បណ្តារដ្ឋរបស់អាមេរិក កំពុងចាប់ផ្តើមដំណើរការសកម្មភាពសេដ្ឋកិច្ចរៀងៗខ្លួនឡើងវិញ តាមរយៈការអនុញ្ញាតឲ្យ អាជីវកម្មខ្លះ រួមមានចាប់តាំងពីកន្លែងហាត់ប្រាណ ហាងលក់ដូរទំនិញ ភោជនីយដ្ឋាន រហូតដល់ហាងធ្វើសក់-កែសម្ផស្សជាដើម បើកទ្វារឡើងវិញ ប៉ុន្តែត្រូវអនុវត្តវិធានការបង្ការ។ ស្របពេលដែលក្រុមហ៊ុន-អាជីវកម្ម បានចាប់ផ្តើមបើកទ្វារឡើងវិញជាបណ្តើរៗ បុគ្គលិកមួយចំនួន ដែលត្រូវបានព្យួរការងារកន្លងមក ក៏ត្រូវបានហៅឲ្យចូលធ្វើការងារវិញ៕