(វ៉ាស៊ីនតោន)៖ មនុស្សយ៉ាងហោច៣នាក់ រងការបាញ់ប្រហារ ក្នុងនោះមានម្នាក់បានស្លាប់កំឡុងបាតុកម្មប្រើហឹង្សាតវ៉ា នៅឯទីក្រុង Indianapolis នៃរដ្ឋ Indiana សហរដ្ឋអាមេរិក ដែលកំពុងប្រឈមមុខនឹងភាពចលាចលនៃ COVID-19 និងបាតុកម្មទូទាំងប្រទេស ប្រឆាំងនឹងអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិស។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០។

អាជ្ញាធរនៃទីក្រុង Indianapolis មិនបានបញ្ជាក់លម្អិតពីករណីបាញ់ប្រហារខាងលើនោះទេ តែបានណែនាំឱ្យបាតុករទាំងអស់បញ្ឈប់ការធ្វើបាតុកម្មជាបន្ទាន់។ បាតុករ នៅក្នុងទីក្រុង Indianapolis បានដុតបំផ្លាញអគារ និងទ្រព្យសម្បត្តិមួយចំនួន កំឡុងប៉ះទង្គិចគ្នាជាមួយប៉ូលិស អស់រយៈពេលពីរថ្ងៃមកនេះ។

បាតុកម្មតវ៉ានៅក្នុងសហរដ្ឋអាមេរិក បានផ្ទុះឡើង ក្រោយបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd បានស្លាប់កំឡុងត្រូវបានប៉ូលិស០៤នាក់ ធ្វើការឃាត់ ខ្លួននៅទីក្រុង Minneapolis នៃរដ្ឋ Minnesota ក្រោមការសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសគឺចាយលុយ ក្លែងក្លាយចំនួន ២០ដុល្លាអាមេរិក។ ក្នុងចំណោមនោះប៉ូលិសម្នាក់ ឈ្មោះ ដេរិក ឆូវីន (Derek Chauvin) បានយកជង្គង់សង្កត់កលោក Floyd អស់រយៈពេលជាច្រើននាទី ទោះបីលោក Floyd បានស្រែកសុំអង្វរករម្តងហើយ ម្តងទៀតថា លោកពិបាកដកដង្ហើមយ៉ាងណាក្តី រហូតទាល់លោកបាត់បង់ស្មារតីលែងកម្រើក គឺលោកទំនងជាបានបាត់បង់ជីវិតភ្លាមៗនាពេលនោះតែម្តង ខណៈអាជ្ញាធរបានប្រកាសថា Floyd បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

អតីតមន្ត្រីប៉ូលីសដែលបានប្រើអំពើហិង្សានេះ ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ជាផ្លូវការ ពីបទឃាតកម្មកម្រិត ៣ និងឃាតកម្មដោយអចេតនាកម្រិត២ នៅថ្ងៃសុក្រសប្តាហ៍ នេះ ដែលអាចជាប់ពន្ធនាគារ០៤ឆ្នាំ។ ប៉ុន្តែ ក្រុមបាតុករ បានអះអាងថាពួកគេនឹងមិនបញ្ឈប់ការតវ៉ាឡើយ រហូតទាល់តែមានយុត្តិធម៌ពេញលេញសម្រាប់ George Floyd។

គួរជម្រាបថា បច្ចុប្បន្នបាតុកម្មតវ៉ា នៅតែបន្តកើតឡើងនៅក្នុងរដ្ឋចំនួន៣០ ហើយទីក្រុងចំនួន២៥ នៃរដ្ឋចំនួន១៦ បានប្រកាសដាក់ចេញបម្រាមគោចរ។ ចំណែកឯមនុស្សជិត ១,៤០០នាក់ ត្រូវបានឃាត់ខ្លួន នៅតាមទីក្រុងចំនួន១៧ ចាប់តាំងពីថ្ងៃព្រហស្បតិ៍មក៕

ទស្សនារូបភាពបាតុកម្មប្រើអំពើហិង្សាយ៉ាងសាហាវនៅសហរដ្ឋអាមេរិក៖