(វ៉ាស៊ីនតោន)៖ មកទល់ពេលនេះ បាតុកម្មតវ៉ាប្រឆាំងនឹងអំពើហិង្សាប្រព្រឹត្តឡើងដោយប៉ូលិសអាមេរិក និងទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd បានរីករាលដាលរាលដល់រដ្ឋចំនួន៣០ នៅទូទាំងសហរដ្ឋអាមេរិកហើយ ខណៈទីក្រុងចំនួន២៥ នៃរដ្ឋចំនួន១៦ បានប្រកាសដាក់ចេញបម្រាមគោចរ។
ខាងក្រោមនេះគឺជាការសង្ខេបនូវព្រឹត្តិការណ៍នៃបាតុកម្មតវ៉ា ដែលកំពុងធ្វើឱ្យរញ្ជួយពេញសហរដ្ឋអាមេរិកគិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០៖
* ប្រឈមមុខនឹងភាពចលាចលកាន់តែខ្លាំងឡើង ទីក្រុងចំនួន២៥ នៃរដ្ឋចំនួន១៦ បានប្រកាសដាក់ចេញបម្រាមគោចរ ចាប់ពីយប់ថ្ងៃសៅរ៍ រហូតដល់ព្រឹកថ្ងៃអាទិត្យ ចុងសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។
* ប៉ូលិសអាមេរិក ចាប់ផ្ដើមប្រើកម្លាំងបាយ និងប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក គ្រាប់កាំភ្លើងជ័រ និងម្សៅម្រេច ដើម្បីបំបែកហ្វូងបាតុករ ដែលបានដុតបំផ្លាញអគារ និងរថយន្ដមួយចំនួន នៅតាមទីក្រុងជាច្រើន។
* មនុស្សបីនាក់ បានរងការបាញ់ប្រហារ ក្នុងនោះមានម្នាក់បានស្លាប់ កំឡុងបាតុកម្មតវ៉ានៅក្នុងទីក្រុង Indianapolis នៃរដ្ឋ Indiana។ ប៉ុន្តែ ប៉ូលិសមិនទាន់បញ្ជាក់អ្វីលម្អិត នោះទេពាក់ព័ន្ធនឹងការផ្ទុះអាវុធនេះ។
* គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍មក មនុស្សជិត ១,៤០០នាក់ ត្រូវបានឃាត់ខ្លួន នៅតាមទីក្រុងចំនួន១៧ ទូទាំងសហរដ្ឋអាមេរិក ហើយចំនួននេះអាចនឹងបន្តកើនឡើង ខណៈបាតុកម្មនៅតែបន្តកើតឡើង។
* ក្រុមបាតុករបាននិយាយថា ពួកគេចង់ឃើញ មន្ត្រីប៉ូលិសដែលមានជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ Floyd ត្រូវបានចោទប្រកាន់ជាផ្លូវ ហើយថែមទាំងបានអះអាងទៀត ផងថានឹងមិនបញ្ឈប់ការធ្វើបាតុកម្មតវ៉ាជាដាច់ខាត រហូតទាល់តែមានយុត្តិធម៌ពេញលេញសម្រាប់ Floyd។
*ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានកោតសរសើរចំពោះអ្វីដែលកងកម្លាំងឆ្មាំជាតិអាមេរិកកំពុងធ្វើ ជាមួយការបង្គាប់ឱ្យមន្ទីរបញ្ចកោណដាក់យោធា ឱ្យប្រុង ជើងការ ត្រៀមធ្វើអន្តរាគមន៍នៅក្នុងករណីចំាបាច់។
* អភិបាលរដ្ឋមីនីសូតា លោក Tim Walz បានឱ្យដឹងថាលោកបាន និងកំពុងចល័តកងកម្លាំងឆ្មាំជាតិ ១,៣០០០នាក់ ជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃ រដ្ឋមួយនេះ៕
គួរជម្រាបថា លោក Floyd ត្រូវបានប៉ូលិស ០៤នាក់ធ្វើការឃាត់ខ្លួននៅទីក្រុង Minneapolis ក្រោមសង្ស័យថា រូបលោកបានប្រព្រឹត្តបទល្មើសគឺ ចាយលុយក្លែងក្លាយចំនួន ២០ដុល្លាអាមេរិក។ ក្នុងចំណោមនោះ ប៉ូលិសម្នាក់ឈ្មោះ ដេរិក ឆូវីន (Derek Chauvin) បានយកជង្គង់សង្កត់កលោក Floyd អស់រយៈពេលជាច្រើននាទី ទោះបីលោក Floyd បានស្រែកសុំអង្វរករម្តងហើយម្តងទៀតថា លោកពិបាកដង្ហើមយ៉ាងណាក្តី រហូតទាល់លោកបាត់បង់ស្មារតីលែងកម្រើក គឺលោកទំនងជាបានបាត់បង់ជីវិតភ្លាមៗ នាពេលនោះតែម្តង ខណៈអាជ្ញាធរក្រោមកបានប្រកាសថា Floyd បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ នៅទីបំផុតទៅ អតីតមន្ត្រីប៉ូលីសដែលបានប្រើអំពើហិង្សានេះ ត្រូវបានរដ្ឋអាជ្ញាចោទប្រកាន់ជាផ្លូវការ ពីបទឃាតកម្មកម្រិត ៣ និងឃាតកម្មដោយអចេតនាកម្រិត ២ នៅថ្ងៃសុក្រសប្តាហ៍នេះ ដែលអាចជាប់ពន្ធនាគារ ០៤ឆ្នាំ៕
ប្រភព៖ CGTN (នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០)