(ទ្រីប៉ូលី)៖ ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសលីប៊ី បានប្រកាសស្វាគមន៍ការបើកដំណើរការឡើងវិញ នូវទីលានអណ្តូងប្រេងដ៏ធំបំផុតនៅតំបន់ ហ្សារែរ៉ា (Sharara) របស់ប្រទេសលីប៊ីឡើងវិញ ខណៈការបិទជាច្រើនខែមកនេះ បានធ្វើឲ្យលីប៊ីខាតបង់ចំណូលជាង ៥.២ពាន់លានដុល្លារឯណោះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។
ការថ្លែងអបអរពីសំណាក់សហរដ្ឋអាមេរិកខាងលើនេះ បានកើតមានឡើងបន្ទាប់ពីក្រុមហ៊ុនប្រេងរដ្ឋលីប៊ី NOC បានប្រកាសថា ខ្លួនកំពុងតែចាប់ផ្តើមប្រតិបត្តិការបូមប្រេងឡើងវិញ នៅឯទីលានអណ្តូងប្រេង Sharara ដើម្បីឲ្យការផ្គត់ផ្គង់ប្រព្រឹត្តទៅតាមការគ្រោងទុក និងជាការបំពេញតួនាទីប្រកបដោយភាពទទួលខុសត្រូវ ចំពោះមុខផលប្រយោជន៍នៃប្រជាជនលីប៊ីគ្រប់រូប។
គួរបញ្ជាក់ថា ការបិទតំបន់សំខាន់ៗនៃអណ្តូងប្រេងលីប៊ី បានកើតមានឡើង ០៥ខែមកហើយ ដោយសារតែជម្លោះរវាងលីប៊ីទាំងពីរភាគី។ ក្រុមហ៊ុនប្រេងជាតិ NOC ក៏បានអំពាវនាវផងដែរឲ្យគ្រប់គ្នា បញ្ឈប់នូវចេតនាប្រើប្រាស់យោធា គាបសង្កត់លើវិស័យប្រេង ឬក៏ការលើកលែងណាមួយ ដែលនឹងផ្តល់ផលប្រយោជន៍ដល់បរទេស។ ការបើកដំណើរការអណ្តូងប្រេងឡើងវិញនេះ នឹងជួយជម្រុញសេដ្ឋកិច្ចរបស់លីប៊ីជាថ្មី ដើម្បីកុំឲ្យដួលរលំចំពោះមុខជម្លោះ និងការរាតត្បាតនៃជំងឺសកល COVID-19៕