(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិកលោក ចច ដាប៊លយូ ប៊ូស (George W. Bush) និងសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋ លោក មីត រ៉ូមណី (Mitt Romney) នឹងមិនបោះឆ្នោតឱ្យលោក ដូណាល់ ត្រាំ នោះទេ នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នៅខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មាន New York Times នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។
New York Times ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន ពីក្រុមមន្ត្រីនៅក្នុងជួរគណបក្សសាធារណរដ្ឋ។ នៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្រុមមន្ត្រីទាំងនេះបានបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិកមកពីបក្សសាធារណរដ្ឋ លោក George W. Bush នឹងមិនបោះឆ្នោតឱ្យលោក ត្រាំ មួយអាណត្តិទៀតនោះឡើយ នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ដែលនឹងប្រព្រឹត្តទៅខែវិច្ឆិកា ឆ្នាំ២០២០ រីឯលោក Mitt Romney ដែលធ្លាប់ជាអតីតបេក្ខជនប្រធានាធិបតីអាមេរិក តំណាងឱ្យគណបក្សសាធារណរដ្ឋផងនោះ ក៏នឹងមិនបោះឆ្នោតឱ្យលោក ត្រាំ ដូចគ្នា។
កាលពីខែកុម្ភៈកន្លងទៅ លោក Romney ធ្លាប់បានអះអាងម្ដងរួចមកហើយថា លោកនឹងមិនបោះឆ្នោតគាំទ្រលោក ត្រាំ ឡើយ បន្ទាប់ពីលោកផ្ទាល់បានបោះឆ្នោតគាំទ្រ ការចោទប្រកាន់ប្រឆាំងប្រធានាធិបតី អាមេរិកបច្ចុប្បន្នរូបនេះពីបទរំលោភអំណាច កំឡុងសវនាការដកតំណែងលោក ត្រាំ នៅក្នុងព្រឹទ្ធសភាអាមេរិក។
គួរបញ្ជាក់ថា ក្រៅពីលោក George W. Bush និងលោក Mitt Romney, អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក មកពីខាងបក្សសាធារណរដ្ឋ លោក ខូលី ផោវែល (Colin Powell) ក៏បាននិយាយដែរថា លោកនឹងបោះឆ្នោតឱ្យបេក្ខជនប្រធានាធិបតីអាមេរិក នៃគណបក្សប្រជាធិបតេយ្យលោក ចូ បៃដិន (Joe Biden) ខណៈថ្នាក់ដឹកនាំបក្សសាធារណរដ្ឋ កាន់តែច្រើនកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ថា តើពួកគេគួរតែបោះឆ្នោតគាំទ្រលោក ដូណាល់ ត្រាំ ដែរឬទេ ក្រោយការដោះស្រាយបញ្ហា COVID-19 និងបាតុកម្មតវ៉ាជុំវិញការស្លាប់នៃបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) របស់លោក ត្រាំ កាន់តែបង្កភាពចម្រូងចម្រាស និងធ្វើឱ្យបក្សក៏ដូចជារូបលោកផ្ទាល់បាត់បង់ ប្រជាប្រិយភាពរឹតតែខ្លាំង៕