(បរទេស)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA ទើបតែបញ្ជាក់ឲ្យដឹងថា ឧបករណ៍ខួងដីរបស់យាន InSight ហៅថា Mole នោះគឺត្រូវបានជួសជុល និងអាចរុលចូលទៅក្នុងដីរបស់ភពអង្គារ (Mars) បានឡើងវិញហើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីវែបសាយព័ត៌មាន Universe Today នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។
ក្រោយជួបបញ្ហាជាបន្តបន្ទាប់រហូតមក ឥឡូវក្រុមការងារបេសកកម្ម InSight របស់អង្គការ NASA ទទួលជោគជ័យក្នុងការធ្វើឲ្យឧបករណ៍ Mole ខួងចូលទៅក្នុងដីវិញប៉ុន្មានសង់ទីម៉ែត្រ។ ពិតណាស់វាជាដំណឹងល្អមួយ ប៉ុន្តែ Mole ត្រូវការរុលចូលឲ្យជ្រៅខ្លាំងថែមទៀត ទើបអាចផ្តល់ទិន្នន័យវិទ្យាសាស្រ្តផ្សេងៗដែលជាប្រយោជន៍ដល់ការស្រាវជ្រាវ ទៅតាមគំរោងដើមនៃបេសកកម្ម InSight នេះ។
Mole គឺជាឈ្មោះងាយស្រួលហៅសម្រាប់ឧបករណ៍នោះ ដោយឈ្មោះផ្លូវការរបស់វាគឺ Heat Flow and Physical Properties Package ឬ HP3។ វាមានតួនាទីទម្លុះចូលទៅក្នុងដីរបស់ភពអង្គារឲ្យដល់ជម្រៅ ០៥ម៉ែត្រដើម្បីវាស់ស្ទង់កម្តៅ ដែលភាយចេញមកពីសណ្ឋានដីផ្នែកខាងក្នុងរបស់ភពអង្គារ។ តាមរយៈការសិក្សាពីកម្តៅនេះ អ្នកវិទ្យាសាស្រ្តអាចស្វែងយល់បានយ៉ាងច្រើន អំពីប្រវត្តិនៃភពក្រហមនេះ។
គួរជម្រាបថា បេសកកម្ម InSight បានចាកចេញពីផែនដីកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨។ វាបានចុះចតនៅតំបន់ Elysium Planitia របស់ភពអង្គារ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយធ្វើដំណើរចម្ងាយជាង ៤៨០លានគីឡូម៉ែត្រ៕