(វ៉ាស៊ីនតោន)៖ ស្ថាប័នប៉ូលិសនៅក្នុងទីក្រុង មីននាផូលីស (Minneapolis) នឹងត្រូវបានរំលាយចោលហើយបង្កើតឡើងវិញជាថ្មី បន្ទាប់ពីការស្លាប់របស់បុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) បានបង្កឱ្យមានបាតុកម្មតវ៉ាទូទាំងសហរដ្ឋអាមេរិក ដើម្បីប្រឆាំងអំពើហិង្សា និងការរើសអើងពូជសាសន៍ប្រព្រឹត្តដោយមន្ត្រីប៉ូលិស។ នេះបើតាមប្រភពពីក្រុមប្រឹក្សាក្រុង Minneapolis ដកស្រង់ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីថ្ងៃអាទិត្យម្សិលមិញ ប្រធានក្រុមប្រឹក្សាក្រុង Minneapolis លោកស្រី លីសា ប៊ែនដឺ (Lisa Bender) បានគូសបញ្ជាក់ដូច្នេះថា «យើងបានប្ដេជ្ញាចិត្តថា នឹងរំលាយស្ថាប័នប៉ូលិសក្នុងទីក្រុង Minneapolis ហើយបង្កើតវាឡើងវិញជាថ្មី ឱ្យស្របទៅតាមគំរូសុវត្ថិភាពថ្មីមួយនៃសហគមន៍របស់យើង ព្រមទាំងអាចការពារសហគមន៍របស់យើងប្រកបដោយសុវត្ថិភាព»។
លោកស្រី Bender បានបន្ថែមថា ប្រព័ន្ធស្ថាប័នប៉ូលិស និងសុវត្ថិភាពសាធារណៈបច្ចុប្បន្ន មិនអាចរក្សាសហគមន៍ឱ្យមានសុវត្ថិភាពនោះទេ ដូច្នេះហើយក្រុមប្រឹក្សាក្រុងនឹងពិភាក្សាគ្នាថា តើគួរតែធ្វើកំណែទម្រង់ស្ថាប័នប៉ូលិសក្នុងទីក្រុង Minneapolis យ៉ាងដូចម្ដេច។
គួរបញ្ជាក់ថា បុរសស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិសស្បែកសម្នាក់ទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ដាច់ខ្យល់ស្លាប់ កំឡុងការឃាត់ខ្លួនបុរសរូបនេះ កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅ ដោយសារតែការចោទប្រកាន់រឿងចាយលុយក្លែងក្លាយ២០ដុល្លារ។ បាតុកម្មតវ៉ារកយុត្តិធម៌ឱ្យ Floyd និងប្រឆាំងអំពើហិង្សា ប្រព្រឹត្តឡើងដោយប៉ូលិសបានអូសបន្លាយពេលជាង ២សប្ដាហ៍មកហើយ ដោយនៅតាមទីក្រុងខ្លះក្នុងសហរដ្ឋអាមេរិក អំពើហិង្សាបានផ្ទុះឡើង និងមានជនឆ្លៀតឱកាស (ចោរ) បានចូលលួចប្លន់ហាងទំនិញយ៉ាងអនាធិបតេយ្យ ប៉ុន្តែការតវ៉ាដោយសន្តិវិធីក៏ត្រូវបានធ្វើឡើងនៅតាមទីក្រុងជាច្រើនផងដែរ៕