(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ បានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេសជប៉ុនកំពុងឃ្លាំមើល ស្ថានការណ៍នៅហុងកុងជាមួយនឹង «ការព្រួយបារម្ភយ៉ាងខ្លាំង» បន្ទាប់ពីប្រទេសចិនរៀបចំអនុម័ត ច្បាប់សន្តិសុខថ្មីសម្រាប់ដែនដីមួយនេះ។ ជាមួយគ្នានេះលោក អាបេ ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការប្រកាន់ភ្ជាប់នូវគោលការណ៍ «ប្រទេសមួយប្រព័ន្ធពីរ» ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នារសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។
ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុនរូបនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍មួយ ដែលបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានក្យូដូ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយស្រង់សម្តីរបស់របស់មន្ត្រីចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកថា ប្រទេសជប៉ុនបានសម្រេចចិត្ត មិនចូលរួមជាមួយប្រទេសទាំងពីរនេះឡើយ ក្នុងការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសប្រទេសចិន ចំពោះច្បាប់ថ្មីដែលកំពុងត្រៀមអនុម័ត ដោយសភាប្រជាជនចិនខាងលើ។
លោក អាបេ បានថ្លែងប្រាប់សភាជប៉ុនជុំវិញបញ្ហាហុងកុង កាលពីម្សិលមិញយ៉ាងដូច្នេះថា «តូក្យូមានការព្រួយបារម្ភយ៉ាងខ្លាំង... ហុងកុងគឺជាដៃគូដ៏សំខាន់បំផុត ទាំងក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងមនុស្សជាតិ ហើយវាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការប្រកាន់ភ្ជាប់នូវប្រព័ន្ធដើមនៃគោលការណ៍ «ប្រទេសមួយប្រព័ន្ធពីរ» ដើម្បីធានាស្ថេរភាព និងប្រជាធិបតេយ្យ»។
គួរជម្រាបថា បើតាមប្រភពរដ្ឋាភិបាលដែលស្និទ្ធនឹងបញ្ហានេះបានឲ្យដឹងថា ប្រទេសជប៉ុនមិនបានចូលរួមសេចក្តីថ្លែងការណ៍រួម ជាមួយបណ្តាប្រទេសជាសម្ព័នមិត្ត ក្នុងការថ្កោលទោសចិន ក៏ព្រោះតែពេលវេលានៃការទទួលបានដំណឹងគឺខ្លីពេក និងមួយវិញទៀតក៏ព្រោះតែជប៉ុន ចង់ផ្តោតសំខាន់លើកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រទេស G7 ជាជាងការសម្រេចដោយត្រីភាគី៕