(ហ្សេរុយសាឡឹម)៖ ក្រុមហាម៉ាស់ប៉ាឡេស្ទីន ដែលកំពុងគ្រប់គ្រងតំបន់ ហ្គាហ្សាស្ទ្រីប (Gaza Strip) បានព្រមានថា ផែនការលេបយកទឹកដីប៉ាឡេស្ទីនពីសំណាក់អ៉ីស្រាអែល នឹងទទួលបរាជ័យ បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអះអាងថា រដ្ឋាភិបាលចម្រុះរបស់លោកនឹងចាប់ផ្ដើមនីតិវិធីពង្រីកដែនអធិបតេយ្យបន្ថែម ទៅលើទឹកដីតំបន់វែសត៍ប៊ែង (West Bank) របស់ប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយកាលពីថ្ងៃអាទិត្យ ក្រុមហាម៉ាស់បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ផែនការលេបយកទឹកដីប៉ាឡេស្ទីន ពីសំណាក់អ៉ីស្រាអែល នឹងទទួលបរាជ័យ។ ហ្សេរុយសាឡឹមនៅតែជាកម្មសិទ្ធិរបស់ប៉ាឡេស្ទីន អារ៉ាប់ និងជាទីក្រុងឥស្លាម ព្រមទាំងជារដ្ឋធានីរបស់រដ្ឋប៉ាឡេស្ទីន។ ដូច្នេះមហាអំណាចទាំងអស់នៅលើពិភពលោក នឹងមិនអាចកែប្រែអត្តសញ្ញាណ ទីកន្លែង និងប្រវត្តិសាស្ត្រនៃទីក្រុងមួយនេះបានឡើយ»។
ក្រុមហាម៉ាស់ នៅក្នុងសេចក្ដីថ្លែងការណ៍ដដែល ក៏បានអំពាវនាវផងដែរឱ្យអាជ្ញាធរប៉ាឡេស្ទីន ដកខ្លួនចេញពីសិទ្ធិសញ្ញាទីក្រុង អូស្លូ (Oslo) ដែលត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ទសវត្សរ៍ឆ្នាំ១៩៩០ និងមានគោលដៅដោះស្រាយជម្លោះរវាងប៉ាឡេស្ទីន និងអ៉ីស្រាអែល ដែលមានចែងនៅក្នុងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ ២៤២ និង ៣៣៨៕