(ឌូបៃ)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ នៅថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បានជំរុញឱ្យប្រជាជនរបស់ខ្លួនទាំងអស់ពាក់ម៉ាស និងអនុវត្តវិធានការគម្លាតសុវត្ថិភាព នៅតាម ទីសាធារណៈបន្ទាប់ពីមាន ការព្រមានថារលកទី២ COVID-19 អាចនឹងផ្ទុះឡើង ហើយវានឹងមានសភាពកាន់តែធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក Kianush Jahanpur បានគូសបញ្ជាក់ដូច្នេះថា៖ «ប្រជាជនអ៉ីរ៉ង់គ្រប់រូប គួរតែម៉ាសឱ្យបាន ត្រឹមត្រូវ នៅពេលចេញក្រៅផ្ទះទៅកាន់ទីសាធារណៈនានា ដូចជាហាងទំនិញ ឬទីកន្លែងដែលមានមនុស្សច្រើន ហើយត្រូវតែអនុវត្តវិធានការគម្លាតសុវត្ថិភាព»។ លោក បន្ថែមថា បើប្រជាជនទាំងអស់មិនខ្វល់ពីការអនុវត្តវិធានការគម្លាតសុវត្ថិភាពទេ សោកនាដកម្មថ្មីមួយអាចនឹងកើតឡើង។

គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ អ៉ីរ៉ង់កំពុងប្រឈមមុខនឹងរលកទី២ COVID-19 ដែលនឹងអាចមានសភាពកាន់តែធ្ងន់ជាងមុនទ្វេដង ក្រោយករណីឆ្លងជាប់កំណត់ត្រាថ្មី មួយ ៣,៥៧៤នាក់ ត្រូវបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។ ដោយឡែក បើតាមលោក Kianush Jahanpur គិតត្រឹមថ្ងៃចន្ទនេះ អ៉ីរ៉ង់មានអ្នកឆ្លង COVID-19 ១៧៣,៨៣២នាក់ ក្នុងនោះស្លាប់ ៨,៣៥១នាក់ និងជាសះស្បើយឡើងវិញ ១៣៦,៣៦០នាក់៕