(វ៉ាស៊ីនតោន)៖ អតីតអនុប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) នៅថ្ងៃអង្គារសប្តាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ត្រូវបានគេប្រកាសឲ្យដឹងថា បានឈ្នះការបោះឆ្នោតបឋម ក្នុងជ្រើសតាំងបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យនៅក្នុងរដ្ឋ ចរជា (Georgia) និងរដ្ឋ វែសត៍វ៉ឺជីនៀ (West Virginia)។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។
តាមពិតទៅអតីតប្រធានាធិបតីរូបនេះ បានប្រមូលចំនួនប្រតិភូច្រើនគ្រប់គ្រាន់ដើម្បីក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឲ្យគណបក្សប្រជាធិបតេយ្យ រួចស្រេចបាត់ទៅហើយ សម្រាប់លទ្ធផលដែលបានប្រកាសកាលពីចុងសប្តាហ៍កន្លងទៅនេះ។ បេក្ខភាពរបស់លោក Joe Biden នឹងត្រូវរៀបចំប្រកាសជាផ្លូវការ នៅក្នុងមហាសន្និបាតគណបក្ស នៅខែសីហាខាងមុខនេះតែម្តង។
លោក Biden បានក្លាយជាអ្នកដែលគេសន្មត់ថា ជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យតាំងពីដើមខែមេសាមកម្ល៉េះ បន្ទាប់ពីគូប្រជែងរបស់លោកដ៏មានឥទ្ធពលគឺលោក ប៊ឺនី សេនដឺស៍ (Bernie Sanders) ដែលជាសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ វ៉ើម៉ុនត៍ (Vermont) បានបោះបង់ចោលការប្រកួត។
ទោះជាយ៉ាងណារដ្ឋ Geogia ដែលលោក Joe Biden ទើបតែបានឈ្នះឆ្នោតបឋម ក្នុងការជ្រើសតាំងបេក្ខភាពប្រធានាធិបតី របស់គណបក្សប្រជាធិបតេយ្យខាងលើនេះ ត្រូវបានគេចាត់ទុកថា ជាសមរភូមិដ៏មានសក្តានុពលបំផុតមួយ សម្រាប់ការកំណត់ជោគវាសនា នៃការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ចិកាខាងមុខ ត្បិតថាប្រជាពលរដ្ឋនៅរដ្ឋនេះ មិនបានបោះឆ្នោតគាំទ្របេក្ខជនប្រធានាធិបតី តំណាងឲ្យគណបក្សប្រជាធិបតេយ្យ តាំងពីឆ្នាំ១៩៩២មកម្ល៉េះ។ ចំណែកឯរដ្ឋ West Virginia ក៏ត្រូវបានគេស្គាល់ថា ជារដ្ឋរបស់គណបក្សសាធារណរដ្ឋផងដែរ៕