(ហុងកុង)៖ ក្រុមហ៊ុនចិនជាច្រើនបានផ្អាកជាបណ្ដោះអាសន្ន នូវផែនការចុះបញ្ជីទៅក្នុងផ្សារហ៊ុនអាមេរិក ខណៈភាពតានតឹងនៃទំនាក់ទំនង រវាងមហាអំណាចទាំងពីរ នៅតែមិនទាន់មានភាពធូរស្រាល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០។
ទីភ្នាក់ងារព័ត៌មាន Reuters ផ្អែកលើប្រភពដែលខ្លួនទទួលបានបានឱ្យដឹងថា ការសម្រេចចិត្តផ្អាកនេះកើតមានឡើង ដោយសារតែសហរដ្ឋអាមេរិកបានលើកឡើងនូវ សេចក្ដីព្រាងច្បាប់មួយ ដែលអាចនឹងបង្កការលំបាកដល់ក្រុមហ៊ុនចិន ក្នុងការធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅលើទឹកដីអាមេរិក និងបន្ទាប់ពីផ្ទុះឡើងនូវរឿងអាស្រូវហិរញ្ញវត្ថុមួយ នៅក្នុងក្រុមហ៊ុនចិនឡាក់ឃីនខូហ្វី (Luckin Coffee) ដែលជាគូប្រជែងដ៏ធំមួយរបស់ក្រុមហ៊ុន Starbucks។
លោក ស្ទេហ្វិន ចាន់ (Stephen Chan) មកពីក្រុមហ៊ុនច្បាប់ ដេឆឺត (Dechert LLP) ក្នុងទីក្រុងហុងកុងបានគូសបញ្ជាក់ដូច្នេះថា «យើងបានឃើញអតិថិជនជាច្រើនបាន ផ្អាកគម្រោងចុះបញ្ជីរបស់ពួកគេ នៅក្នុងផ្សារហ៊ុនអាមេរិក ដោយសារតែទំនាក់ទំនងមិនល្អរវាងចិន និងសហរដ្ឋអាមេរិក... ហើយបើភាពតានតឹងរវាងមហាអំណាចទាំង ២ នៅតែបន្តកើតមាន នោះការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ចបែបនេះ ក៏នៅបន្តដូចគ្នា»។ យ៉ាងណាក៏ដោយ ខាងអាជ្ញាធរនិយ័តករផ្សារហ៊ុនរបស់ចិនមិនទាន់ធ្វើអត្ថាធិប្បាយ ពាក់ព័ន្ធនឹងបញ្ហានេះនៅឡើយទេ។
គួរជម្រាបថា បើតាមទិន្នន័យក្រុមហ៊ុនឌាឡូជីក (Dealogic) ក្រុមហ៊ុនចិនមួយក្រុម បានប្រមូលប្រាក់បាន ១.៦៧ពាន់លានដុល្លារអាមេរិក តាមរយៈការលក់ភាគហ៊ុននៅក្នុងទីក្រុងញូយ៉ក នៅក្នុងឆ្នាំ២០២០នេះ ខណៈកាលពីឆ្នាំ២០១៩ ពួកគេប្រមូលបាន ៣.៥ពាន់លានដុល្លារ៕