(ទ្រីប៉ូលី)៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃរដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយអង្គការសហប្រជាជាតិ លោក ហ្វាស៊ី បាហ្សាហ្គា (Fathi Bashagha) កាលពីថ្ងៃពុធសប្តាហ៍នេះបាននិយាយថា រណ្តៅសាកសពជាច្រើន ត្រូវបានប្រទះឃើញនៅក្នុងទីក្រុង តាហ៊ូណា (Tarhuna) នៃប្រទេសលីប៊ី ដែលមានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រប៉ុណ្ណោះពីរដ្ឋធានីទ្រីប៉ូលី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈសេចក្តីថ្លែងការណ៍ លោក Bashagha បានលើកឡើងយ៉ាងដូច្នេះថា «យើងបានប្រទះឃើញឧក្រិដ្ឋកម្មគួរឲ្យភ័យខ្លាចជាច្រើន ដែលបានប្រព្រឹត្តដោយពួកជីវពល ដែលធ្លាប់បានគ្រប់គ្រងទីក្រុង Tarhuna។ កងកម្លាំងរបស់យើងកំពុងកត់ត្រា អំពីឧក្រិដ្ឋកម្មទាំងនោះ»។ នៅក្នុងរបាយការណ៍ដដែលនេះ លោក Bashagha បានគូសបញ្ជាក់ទៀតថា «យើងប្រទះឃើញកុងណឺមួយ ជាទីដែលពួកគេបានដុតសម្លាប់អ្នកទោសទាំងរស់។ ហើយយើងក៏បានប្រទះឃើញរណ្តៅសាកសពជាច្រើន ដែលយោងទៅតាមរបាយការណ៍ដំបូងបានឲ្យដឹងថា មានមនុស្សរាប់សិបនាក់ត្រូវបានគេកប់ទាំងរស់។ កងជីវពលទាំងនោះ ត្រូវតែទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មដ៏អាក្រក់របស់ពួកគេ ហើយអ្នកនយោបាយ ក៏ដូចជាមេដឹកនាំយោធា ដែលនៅពីក្រោយឧក្រិដ្ឋកម្មនេះ ក៏ត្រូវតែយកមកកាត់ទោសផងដែរ»។
ទោះជាយ៉ាងណា គេមិនទាន់ឃើញមានការអត្ថាធិប្បាយណាមួយទាក់ទងនឹងបញ្ហានេះ ពីសំណាក់កងកម្លាំងដែលមានមូលដ្ឋាន នៅភាគខាងកើតប្រទេសលីប៊ី ដែលដឹកនាំដោយឧត្តមសេនីយ ខាលីហ្វា ហាហ្វតា (khalifa Haftar) នៅឡើយទេ ខណៈដែលយុទ្ធនាការយោធារបស់ខ្លួន ប្រឆាំងនឹងកងកម្លាំងរបស់រដ្ឋាភិបាលលីប៊ី ដែលគាំទ្រដោយ UN នារយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានការថមថយ។
គួរជម្រាបថា កងកម្លាំងដែលមានមូលដ្ឋាននៅភាគខាងកើតប្រទេសលីប៊ី បានបើកការវាយប្រហារទៅលើកងទ័ពរដ្ឋាភិបាល ដែលគាំទ្រដោយអង្គការសហប្រជាជាតិ អស់រយៈពេលជាងមួយឆ្នាំមកហើយ ដើម្បីដណ្តើមយកក្រុងទ្រីប៉ូលីមកកាន់កាប់ និងផ្តួលរំលំរដ្ឋាភិបាល ដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយនេះ។ ការប្រយុទ្ធបានសម្លាប់ជនស៊ីវិលរាប់រយនាក់ ព្រមទាំងធ្វើឲ្យមនុស្សជាង ១៥ម៉ឺននាក់ផ្សេងទៀតផ្លាស់ទីលំនៅ៕