(វ៉ាស៊ីនតោន)៖ អាជ្ញាធររដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីនៅថ្ងៃពុធសប្ដាហ៍នេះ បានជំរុញឱ្យប្រជាជន ដែលចូលរួមកក្នុងបាតុកម្មរកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ (George Floyd) និងប្រឆាំងការអើងពូជសាសន៍ មកធ្វើតេស្ដរក COVID-19 ដោយឥតគិតថ្លៃ ខណៈមានការព្រួយបារម្ភកាន់តែខ្លាំងឡើង ពីការឆ្លងរាតត្បាតសាជាថ្មី បន្ទាប់កងកម្លាំងឆ្មាំជាតិមួយចំនួនត្រូវបានគេបញ្ជាក់ថា បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។
ក្រៅពីរដ្ឋធានីវ៉ាស៊ីនតោន, ទីក្រុងបូស្តុន (Boston), ដាលឡាស់ (Dallas) និងរដ្ឋញូយ៉ក (New York) ក៏បានអំពានាវឱ្យប្រជាជនរបស់ខ្លួន ដែលបានចូលរួមក្នុងបាតុកម្មតវ៉ា ជាច្រើនសប្ដាហ៍មកនេះ មកទទួលការធ្វើតេស្ដរក COVID-19 ផងដែរ ហើយបើអាចទៅរួចគួរតែធ្វើការពីផ្ទះរយៈពេល ១៤ថ្ងៃសិន មុននឹងត្រឡប់ទៅកន្លែងធ្វើការវិញ។ គិតមកទល់ពេលនេះ COVID-19 បានផ្ដាច់ជីវិតប្រជាជនអាមេរិក ១១៥,១៣០នាក់ ក្នុងចំណោមករណីឆ្លងលើស ២លានករណី ហើយមនុស្សរាប់សិបលាននាក់ផ្សេងទៀតគ្មានការងារធ្វើ។
គួរជម្រាបថា ការអំពាវនាវឱ្យក្រុមបាតុករមកធ្វើតេស្ដរក COVID-19 កើតមានឡើង ក្រោយអ្នកជំនាញសុខាភិបាលជាច្រើននាក់បានព្រមានថា បាតុកម្មតវ៉ារកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd អាចនឹងធ្វើឱ្យមានការឆ្លងរាតត្បាត COVID-19 ផ្ទុះឡើងរឹតតែខ្លាំងសាជាថ្មី និងក្រោយពេលកងកម្លាំងឆ្មាំជាតិអាមេរិករាប់សិបនាក់ ត្រូវបានធ្វើតេស្ដវិជ្ជមាន៕