(វ៉ាស៊ីនតោន)៖ ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទាមទារឱ្យស្ថានីយទូរទស្សន៍ CNN សុំទោស និងលុបចោល ការស្ទង់មតិមួយនាពេលថ្មីៗនេះដែលបង្ហាញថា បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) នាំមុខលោក ត្រាំ ដល់ទៅ ១៤ពិន្ទុ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។
នៅក្នុងលិខិតមួយផ្ញើទៅកាន់អគ្គនាយកស្ថានីយទូរទស្សន៍ CNN លោក ចេហ្វ ហ្សាក់ខឺ (Jeff Zucker) ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ បានអះអាងថា «ការស្ទង់មតិរបស់ CNN មានភាពលម្អៀង, មិនត្រឹមត្រូវ និងមានចរិកបំភ័ន្ដប្រជាជនអាមេរិក ដែលបានចុះឈ្មោះបោះឆ្នោត»។ ប៉ុន្តែជាការឆ្លើយតប អ្នកនាំពាក្យទូរស័ព្ទ CNN នៅតែប្រកាន់ជំហររបស់ខ្លួនថា «ការស្ទង់មតិនេះមានភាពត្រឹមត្រូវ»។
គួរជម្រាបថា ការស្ទង់មតិចេញផ្សាយដោយ CNN កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានបង្ហាញថា លោក Joe Biden បេក្ខជនប្រធានាធិបតីនៃបក្សប្រជាធិបតេយ្យ បាននាំមុខលោក ដូណាល់ ត្រាំ ចំនួន ១៤ពិន្ទុ ដោយទទួលបានការគំាទ្រពីប្រជាជនអាមេរិក ដែលបានចុះឈ្មោះបោះឆ្នោតរហូតដល់ ៥៥ភាគរយ ខណៈលោក ត្រាំ វិញបានទទួលតែ ៤១ប៉ុណ្ណោះ។ ដោយឡែកចំពោះការស្ទង់មតិ លើភាពជាអ្នកដឹកនាំរបស់លោក ដូណាល់ ត្រាំ ក្នុងនាមជាប្រធានាធិបតីអាមេរិកវិញ គឺមានពលរដ្ឋអាមេរិកតែ ៣៨ភាគរយប៉ុណ្ណោះដែលបានបង្ហាញការគាំទ្រ៕