(នីហ្សេរីយ៉ា)៖ ប៉ូលិសនៅក្នុងប្រទេសនីហ្សេរីយ៉ាបានឱ្យដឹងថា ពួកគេបានឃាត់ខ្លួនបុរសម្នាក់បន្ទាប់ស្រ្តី និងកុមារី ៤០នាក់ត្រូវបានចាប់រំលោភ នៅក្នុងទីក្រុងតែមួយអស់រយៈពេលមួយឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។
បើតាមអ្នកនាំពាក្យប៉ូលិសជាតិនីហេ្សរីយ៉ា នៅក្នុងទីក្រុង ដាងហ្គោរ៉ា (Dangora) នៃរដ្ឋ កាណូ (Kano) បុរសខាងលើត្រូវបានម្ដាយក្មេងស្រីម្នាក់ តាមទាន់ពេលបុរសរូបនោះ កំពុងចាប់រំលោភកូនស្រីរបស់ខ្លួននៅក្នុងផ្ទះតែម្ដង ហើយរូបគេបានព្យាយាមរត់គេចខ្លួនដែរ តែត្រូវបានអ្នកភូមិនៅក្បែរដេញតាម និងចាប់ខ្លួនប្រគល់ឱ្យប៉ូលិស។ បុរសម្នាក់នេះត្រូវបានចាប់ខ្លួននៅថ្ងៃអង្គារសប្ដាហ៍នេះ និងចំពេលដែលការរំលោភ និងសម្លាប់ នៅក្នុងប្រទេសនីហេ្សរីយ៉ា កើតមានឡើងជាបន្តបន្ទាប់នារយៈពេលថ្មីៗនេះ ហើយជនសង្ស័យជាច្រើនកំពុងស្ថិតក្នុងការតាមចាប់ខ្លួន។
គួរបញ្ជាក់ថា Dangora គឺជាទីក្រុងតូចមួយ និងដាច់ស្រយ៉ាលនៅក្នុងរដ្ឋ Kano ដែលពិបាកនឹងឱ្យប៉ូលិសចូលទៅដល់ ជាហេតុធ្វើឱ្យក្រុមជនល្មើសមួយចំនួន ដើរចាប់រំលោភស្រី្តភេទ និងកុមារដល់ក្នុងផ្ទះដោយគ្មានខា្លចរអាច្បាប់បន្តិចឡើយ៕