(ប៉េកាំង)៖ អាកាសយានដ្ឋានអន្តរជាតិថ្មីឈ្មោះ ដាស៊ីង (Daxing) ប្រចាំនៅរដ្ឋធានីប៉េកាំង​ប្រទេសចិន​បានចាប់ផ្តើមទទួលជើងហោះហើរដឹកទំនិញ ជាលើកដំបូងនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង ចាប់តាំងពីការបើកដំណើរការជាផ្លូវការកាលពីខែកញ្ញា ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ជើងហោះហើរដឹកទំនិញដំបូង B757-200 នៃអាកាសចរណ៍ SF Express ដ៏ធំមួយរបស់ប្រទេសចិន បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Daxing នៅព្រឹកថ្ងៃព្រហស្បតិ៍ដោយដឹកពេញដោយផ្លែយ៉ាម៉ីស្រស់ (fresh waxberries) ដែលមានប្រភពមកពីទីក្រុងហាងចូវ (Hangzhou) នៃខេត្តជែជាំង (Zhejiang) ភាគខាងកើតប្រទេសចិន។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិ Daxing មានរូបរាងដូចជាផ្កាយសមុទ្រ ត្រូវបានបង្កើតគំរោងសាងសង់ឡើងកាលពីឆ្នាំ២០០៨ និងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០១៩ (ក្រោយបញ្ចប់ការសាងសង់ ៥ឆ្នាំ​ដោយចំណាយទឹកប្រាក់ជាង ១១ពាន់លានដុល្លារអាមេរិក)។ ក្រៅពីការទទួលអ្នកដំណើរជាប្រចាំ Daxing ក៏មានបញ្ជរសម្រាប់យន្តហោះដឹកទំនិញចូលចតចំនួន ២៤កន្លែងផងដែរ៕