(សេអ៊ូល)៖ ធនាគារណ្តាលកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា ប្រទេសមួយនេះនឹងប្រឈមមុខលក្ខខណ្ឌ ទៅលើវិស័យនាំចេញកាន់តែអាក្រក់ឡើង នៅចំពោះមុខនៃការបន្តរីករាតត្បាតជំងឺ COVID-19 នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។

ធនាគារកណ្តាលរបស់កូរ៉េខាងត្បូង BOK បានបញ្ជាក់នៅក្នុងរបាយការណ៍ គោលនយោបាយរូបិយវត្ថុ និងឥណទានរបស់ខ្លួនថា លក្ខខណ្ឌនៃការនាំចេញរបស់កូរ៉េខាងត្បូង នឹងមានស្ថានភាពកាន់តែអាក្រក់ទៅៗ នៅពេលដែលពាណិជ្ជកម្មពិភពលោកចុះខ្សោយ ដែលបណ្តាលមកពីការរអាក់រអួល នៃសង្វាក់ផ្គត់ផ្គង់ពិភពលោក, សកម្មភាពនៃការទិញដូរមានការធ្លាក់ចុះ ព្រមទាំងមធ្យោបាយដឹកជញ្ជូន និងការគ្រប់គ្រងលើពន្ធគយក៏ជួបបញ្ហា។

BOK បានព្យាករណ៍ទៀតថា សេដ្ឋកិច្ចកូរ៉េខាងត្បូងនឹងប្រឈមមុខវិបត្តិលើវិស័យពាណិជ្ជកម្ម និងផលិតកម្មអាក្រក់ ជាងកាលពីវិបត្តិហិរញ្ញវត្ថុពិភពលោក កើតមានឡើងកាលពីឆ្នាំ២០០៨ នោះទៅទៀត។

គួរជម្រាបថា ការនាំចេញគ្រឿងអេឡិចត្រូនិក ដែលជាធាតុដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសអាស៊ីបូព៌ាមួយនេះ ត្រូវបានគេព្យាករណ៍ថា នឹងងើបឡើងវិញបន្តិចនៅឆមាសទី ២។ ប៉ុន្តែទោះជាយ៉ាងណា BOK បានសង្កត់ធ្ងន់ថា តម្រូវការថយន្ត និងគ្រឿងយន្ត ដែលផលិតនៅក្នុងស្រុកនឹងមានការធ្លាក់ចុះ ដោយសារតែតម្លៃប្រេងឆៅនៅលើពិភពលោកធ្លាក់ចុះ ហើយវាក៏អាចធ្វើឲ្យប៉ះពាល់ ដល់បណ្តាប្រទេសផលិតប្រេងដូចគ្នា។ ដោយឡែកការកើនឡើងអតិផរណា នៃតម្លៃទំនិញប្រើប្រាស់នៅប្រទេសកូរ៉េខាងត្បូង ត្រូវបានគេព្យាករណ៍ថា នឹងមានកម្រិតទាបសម្រាប់ពេលបច្ចុប្បន្ន ដោយសារតែប្រេងឆៅមានតម្លៃថោក និងការធ្លាក់ចុះសេដ្ឋកិច្ច៕