(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាននិយាយថា ប្រទេសរបស់លោកនឹងមិនស្ថិតនៅក្រោមការគំរាមកំហែងពីសំណាក់ប្រទេសណាមួយឡើយ បន្ទាប់ពីទីក្រុងប៉េកាំងបានព្រមានរាំងខ្ទប់លំហូរប្រាក់រាប់ពាន់លានដុល្លារ តាមរយៈការហាមឃាត់ភ្ញៀវទេសចរ និងនិសិ្សតចិនធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានច CNA នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១១ ខែមិថុនា ឆ្នាំ២០២០។
ទីក្រុងប៉េកាំងកាលពីពេលថ្មីៗនេះ បានចេញសារព្រមានជាមួយការផ្ដល់យោបល់ឱ្យប្រជាជនចិន ជៀសវាងការធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី ដោយសារការព្រួយបារម្ភពីការរើសអើងពូជសាសន៍ និងអំពើហិង្សាប្រឆាំងជនជាតិចិន កំឡុងការឆ្លងរាតត្បាត COVID-19។ យ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសន៍មួយតាមវិទ្យុជាតិ នៅថ្ងៃព្រហស្បតិ៍នេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison បានទាត់ចោលការអះអាងរបស់ចិនដោយថា វាជារឿងគួរឱ្យអស់សំណើច។
លោក Morrison បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាគឺជារឿងគួរឱ្យអស់សំណើច និងគួរតែត្រូវបានបដិសេធ។ យើងពិតជាមានទំនាក់ទំនងដ៍សំខាន់ជាមួយចិន និងយើងសង្ឃឹមថា អាចនឹងឃើញទំនាក់ទំនងបែបនេះនៅតែបន្ត។ ប៉ុន្តែអូស្រ្តាលី នឹងមិនស្ថិតនៅក្រោមការគំរាមកំហែងពីសំណាក់ប្រទេសណាមួយឡើយ ហើយនឹងចាត់វិធានការឆ្លើយតប បើរឿងបែបនេះកើតឡើង»។
គួរជម្រាបថា ភាពតានតឹងរវាងចិន និងអូស្រ្តាលី បានឡើងកម្ដៅនារយៈប៉ុន្មានឆ្នាំចុងក្រោយនេះដោយសារតែអូស្រ្តាលីបានចូលរួមជាមួយ សហរដ្ឋអាមេរិក ក្នុងការរិះគន់ និងទប់ស្កាត់ការពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ទំនាក់ទំនងតានតឹងនេះរឹតតែឡើងកម្ដៅខ្លាំង បន្ទាប់ពីអូស្រ្តាលីជាថ្មីម្ដងទៀត បានចូលរួមជាមួយទីក្រុងវ៉ាស៊ីនតោន ដោយអំពាវនាវឱ្យមានការស៊ើបអង្កេតពីដើមកំណើត និងការដោះស្រាយវិបត្តិ COVID-19 របស់ចិននៅពេលជំងឺនេះផ្ទុះឡើងដំបូង៕