(តៃប៉ិ)៖ យោធាតៃវ៉ាន់បានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ នៅឯតំបន់ឆ្នេរភាគខាងកើត និងភាគខាងត្បូងនៃដែនកោះរបស់ខ្លួន ដែលជាផ្នែកមួយនៃកម្មវិធីពង្រឹងសមត្ថភាពការពារជាតិ បង្ការការឈ្លានពាន ឬការវាយលុកជាយថាហេតុណាមួយ ពីសំណាក់ចិនដីគោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន South China Morning Post នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។
ការធ្វើតេស្ដបាញ់មីស៊ីលខាងលើ ធ្វើឡើងនៅឯតំបន់ឆ្នេរនៃទីក្រុង តៃទុង (Taitung) និងមូលដ្ឋានយោធា ជីវផេង (Jiupeng) នៃទីក្រុង ភីងទុង (Pingtung) ភាគខាងត្បូងបំផុតនៃកោះតវ៉ាន់ កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ក្រសួងការពារជាតិកោះតៃវ៉ាន់ មិនបានបញ្ជាក់ពីប្រភេទមីស៊ីលដែលត្រូវបានធ្វើតេស្ដនោះទេ ដោយគ្រាន់តែឱ្យដឹងថា ការធ្វើតេស្ដនេះទទួលបានជោគជ័យ។ ប៉ុន្តែបើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក មីស៊ីលទាំងនោះអាចជាប្រភេទប្រព័ន្ធមីស៊ីល ទៀនគុង-៣ (Tien Kung-3) ឬ ស្កាយបូ-៣ (Sky Bow-3) អាចបាញ់បានចំងាយ ២០០គីឡូម៉ែត្រ និងត្រូវបានរចនាឡើងដើម្បីស្ទាក់ចាប់ ក៏ដូចជាបំផ្លាញមីស៊ីលបាញ់មកពីចិនដីគោក។
គួរជម្រាបថា ការធ្វើតេស្ដមីស៊ីលរបស់កោះតៃវ៉ាន់ ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយក្រុមយន្ដហោះចម្បាំងចិន ស៊ូខយស៊ូ-៣០ (Sukhoi Su-30) ត្រូវបានគេរាយការណ៍ថា បានហោះឆ្វែលចូលក្នុងដែនអាកាសកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលបានបញ្ជូនយន្ដហោះយោធាដឹកជញ្ជូនមួយគ្រឿងធុន C-40A មកហោះពីលើដែន អាកាសនៃដែនកោះមួយនេះដែលចិនចាត់ទុកថា ជាខេត្តមួយរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ៕