(ញូដេលី)៖ ក្រសួងរុក្ខប្រមាញ់ឥណ្ឌានៅក្នុងរដ្ឋ រ៉ាហ្សាស្ថាន (Rajasthan) បានចាប់ផ្ដើមកម្មវិធីវេជ្ជសាស្ត្រមួយរយៈពេល ០៣ថ្ងៃ ដោយប្រមូលសំណាកពីសត្វដំរីជាច្រើនក្បាលដើម្បី យកទៅធ្វើតេស្ដ COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។
បើតាមក្រសួងរុក្ខាប្រមាញ់ឥណ្ឌា នៅក្នុងរដ្ឋ Rajasthan បសុពេទ្យឥណា្ឌមួយក្រុម នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានចាប់ផ្ដើមត្រួតពិនិត្យ ក៏ដូចជាប្រមូលសំណាក សត្វដំរី នៅក្នុងឧទ្យានជាតិមួយស្ថិតនៅជាយទីក្រុង ចៃភើ (Jaipur) នៃរដ្ឋ Rajasthan។ បសុពេទ្យម្នាក់ឈ្មោះ អាវីន ម៉ាថឺ (Arvind Mathur) បានបញ្ជាក់យ៉ាងខ្លីប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «យើងកំពុងប្រមូលសំណាកពីភ្នែករបស់សត្វដំរី និងឈាមខ្លះរបស់ពួកវាយកទៅធ្វើតេស្ដរក COVID-19»។
បសុពេទ្យរូបនេះបានបន្ថែមទៀតថា សត្វដំរីយ៉ាងហោច ១០៣ក្បាល នឹងត្រូវបានធ្វើតេស្ដរក COVID-19។ ការធ្វើតេស្តរក COVID-19 ក៏ជាការពិសោធន៍មួយផងដែរ ខណៈប្រទេសមួយចំនួនក៏បានធ្វើរឿងនេះទៅលើសត្វព្រៃ និងសត្វចិញ្ចឹមដូចគ្នា ក្នុងនោះមានដូច ឆ្កែ ឆ្មា ខ្លា និងតោជាដើម។ សត្វមួយចំនួនបានឆ្លងជំងឺ COVID-19 ពីមនុស្ស ប៉ុន្តែមិនទាន់មានក្រុមអ្នកស្រាវជ្រាវណារកឃើញថា សត្វអាចចម្លង COVID-19 ទៅកាន់មនុស្សវិញនោះនៅឡើយទេ៕