(ឡូសអាន់ជែឡែស)៖ ទីក្រុងឡូសអាន់ជែឡែស (Los Angeles ឬ L.A.) នៃរដ្ឋកាលីហ្វរញ៉ា (California) នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅ L.A.) បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១,៨៥៧ករណី បន្ថែមទៀតក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ពោលវាជាតួលេខខ្ពស់បំផុតពុំធ្លាប់មានឡើយ សម្រាប់តំបន់ដែលមានប្រជាជនរស់នៅ ច្រើនជាងគេបំផុតប្រចាំសហរដ្ឋអាមេរិកមួយនេះ បើរាប់ចាប់តាំងពីជំងឺរាតត្បាតសកល COVID-19 បានផ្ទុះឡើងកាលពីជាងបីខែកន្លងមក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាល្ងាចថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។
ជាមួយនឹងការបូកបញ្ជូលនឹងករណីឆ្លងថ្មីចំនួន ៨៤ ករណីដែលបានរាយការណ៍ចេញពីទីក្រុងឡុងប៊ិច (Long Beach) និងផាសាដេណា (Pasadena) ដែលស្ថិតនៅជាប់ជាមួយទីក្រុង L.A. បានធ្វើឲ្យតំបន់ទាំងមូលនេះ មានករណីឆ្លងថ្មីៗប្រចាំថ្ងៃរហូតទៅដល់ ១,៩៤១ករណីឯណោះ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ម៉ោងនៅ L.A.)។ ប្រការនេះបានធ្វើឲ្យ L.A. និងតំបន់ជាយៗទីក្រុងដ៏ធំនេះ នាពេលបច្ចុប្បន្នមានករណីឆ្លង COVID-19 សរុបចំនួន ៦៨,៩៥៩ករណី ដោយក្នុងនោះអ្នកជំងឺចំនួន ២,៨១៨នាក់បានស្លាប់បាត់បង់ជីវិត។
គួរជម្រាបថា ការបំបែកកំណត់ត្រាថ្មីនេះ វាបានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ មុននឹងអាជីវកម្មនានា តួយ៉ាងដូចជាកន្លែងកម្សាន្តជាដើម នឹងត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ និងក្រោយពីបាតកម្មរកយុត្តិធម៌ឲ្យបុរសស្បែកខ្មៅ ចច ហ្វ្លយដ៍ បានបញ្ចប់ទៅ។ នៅចំពោះស្ថានការណ៍បែបនេះ មន្ត្រីសុខាភិបាលសង្កាត់បានសង្កត់ធ្ងន់ថា ការរឹតបន្តឹងផ្នែកសុវត្ថិភាពសុខភាពសាធារណៈ នឹងត្រូវបន្តអនុវត្តិនៅគ្រប់ទីកន្លែងធ្វើអាជីវកម្ម ដែលអនុញ្ញាតឲ្យបើកដំណើរការឡើងវិញទាំងអស់៕