(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនកាហ្វេ Starbucks កំពុងប្រឈមមុខនឹងពហិការពីអតិថិជនមួយចំនួន បន្ទាប់ពីបានហាមឃាត់បុគ្គលិករបស់ខ្លួនមិនឲ្យស្លៀកសម្លៀកបំពាក់ ដែលមានសរសេរពាក្យ Black Lives Matter។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន The Sun នៅថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០។

នៅក្នុងសារមួយចំនួនបង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមមួយនេះខ្លះ បានអំពាវឱ្យមានការធ្វើពហិការផឹកកាហ្វេ Starbucks អមជាមួយសារ BoycottStarbucks។ ការខឹងសម្បារនេះ កើតមានឡើងក្រោយក្រុមហ៊ុន Starbucks បានបង្ហាញការគាំទ្រដល់ចលនា Black Lives Matter ជាសាធារណៈនៅលើបណ្ដាញ Twitter ប៉ុន្តែស្រាប់តែលេចធ្លាយព័ត៌មានថាថ្នាក់ដឹកនាំហាងកាហ្វេខ្លះ នៅក្នុងសហរដ្ឋអាមេរិក ប្រាប់បុគ្គលិករបស់ខ្លួន មិនឱ្យពាក់សម្លៀកបំពាក់ ដែលមានសរសេរពាក្យ Black Lives Matter ទៅវិញ ដោយអះអាងថាវាប្រឆាំងនឹងក្រិតក្រមឯកសណ្ឋានរបស់ក្រុមហ៊ុន ហើយអាចនឹងញុះឱ្យមានការប្រព្រឹត្តអំពើហិង្សា។

គួរបញ្ជាក់ថា Black Lives Matter គឺជាចលនាមួយទាមទារសេរីភាព និងប្រឆាំងការរើសអើងពូជសាសន៍មកលើ ប្រជាជនដើមកំណើតអាហ្វ្រិកនៅក្នុងសហរដ្ឋអាមេរិក ហើយចលនានេះ ក៏កំពុងដឹកនាំបាតុកម្មរកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd ដែលត្រូវបានប៉ូលិសម្នាក់ក្នុងទីក្រុង Minneapolis យកជង្គង់សង្កត់ករហូតដល់ដាច់ ខ្យល់ស្លាប់កាលពីថ្ងៃទី២៥ ខែឧសភាផងដែរ៕