(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃសុក្រសប្តាហ៍នេះថា វាពិតជាលំបាកណាស់សម្រាប់ស្ថាប័នអន្តរជាតិមួយនេះ ក្នុងការចេញសេចក្តីណែនាំជាសកល ឲ្យក្មេងៗទាំងអស់ចូលរៀនវិញ ប៉ុន្តែក្រុមការងាររបស់ WHO កំពុងតែពិភាក្សាអំពីការរៀបចំសេចក្តីណែនាំពិសេស ទៅកាន់តំបន់ ឬប្រទេសមួយចំនួនដែលអាចទៅរួច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។
ជុំវិញបញ្ហាខាងលើនេះលោក ម៉ៃខឺល រីយ៉ាន (Michael Ryan) នាយកទទួលបន្ទុកកម្មវិធីសង្គ្រោះបន្ទាន់នៃ WHO បានលើកឡើងយ៉ាងដូច្នេះថា «ឈានមកដល់កម្រិតសាលារៀន វាពិតជាលំបាកខ្លាំងណាស់ក្នុងការឲ្យយើង ចេញសេចក្តីណែនាំជាសកលថា តើសាលារៀនទាំងអស់គួរបើក ឬបន្តបិទទ្វារដដែល ដូចអ្នកគ្រប់គ្រាអាចស្រមៃបានថា ស្ថានការណ៍គឺពិតជាខុសប្លែកគ្នាខ្លាំង (ស្ថានការណ៍ COVID-19 នៅតាមតំបន់ ឬប្រទេសនិមួយៗ)»។
បើតាមការបកស្រាយដោយមន្ត្រីជាន់ខ្ពស់ WHO ខាងលើនេះ ការណែនាំឲ្យបើកសាលារៀនឡើងវិញ គឺត្រូវតែធ្វើឡើង ដោយការសិក្សា អំពីស្ថានភាពជាក់ស្តែងនៃ COVID-19 នៅតាមតំបន់ ឬប្រទេសនីមួយៗនៅលើពិភពលោកសិន ព្រោះថាកម្រិតនៃការរាតត្បាតជំងឺ គឺខុសគ្នាខ្លាំងទៅតាមតំបន់ ឬប្រទេសទាំងនោះ។ ដូច្នេះ WHO ប្រហែលជាត្រូវការពេលយូរទៀត ទើបអាចធ្វើការចេញសេចក្តីណែនាំ អំពីថាតើគួរណែនាំឲ្យប្រទេសណាខ្លះ បើកសាលារៀនពួកគេឡើងវិញ៕