(ប្រេស៊ីឡា)៖ ប្រទេសប្រេស៊ីលនៅថ្ងៃសុក្រសប្តាហ៍នេះ (ម៉ោងនៅប្រេស៊ីឡា) បានប្រកាសពីការកើនឡើងចំនួនមនុស្សស្លាប់បន្ថែមទៀត ដោយសារតែជំងឺរាតត្បាតសកល COVID-19 ដែលប្រការនេះបានធ្វើឲ្យប្រេស៊ីលក្លាយជាប្រទេស មានមនុស្សស្លាប់ច្រើនបំផុត លំដាប់ថ្នាក់លេខ ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។
ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ប្រេស៊ីលបានកត់ត្រាមនុស្សស្លាប់ចំនួន ៩០៩នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនមនុស្សស្លាប់សរុប ដោយសារជំងឺ COVID-19 ក្នុងប្រទេសអាមេរិកឡាទីនមួយនេះកើនដល់ ៤១,៨២៨នាក់ លើសចក្រភពអង់គ្លេសដែលមានអ្នកស្លាប់សរុប ៤១,៤៨១នាក់។ បន្ថែមពីនេះ បើយើងគិតពីចំនួនករណីឆ្លង COVID-19 សរុបនៅប្រេស៊ីលវិញគឺមានចំនួន ៨២៨,៨១០ករណី ឈរនៅលេខ ២ លើលោកបន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានករណីឆ្លងសរុបជាង ២.១១លាននាក់។
គួរបញ្ជាក់ថា ក្រុមអ្នករិះគន់ក្នុងស្រុកនៅតែបន្ត ចំពោះភាពយឺតយ៉ាវ និងបន្ថយវិធានការរឹតត្បិតរបស់ប្រេស៊ីល នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកល COVID-19 ទើបធ្វើឲ្យប្រទេសនេះ ក្លាយជាជនរងគ្រោះធំបំផុតទី ២ លើលោក។ ជុំវិញបញ្ហានេះលោកប្រធានាធិបតី ហ្ស៊ែរ បូលសូណារ៉ូ (Jair Bolsonaro) ដែលកន្លងមកធ្លាប់បានចាត់ទុកថា COVID-19 ជាជំងឺផ្តាសាយតូចតាចនោះបានអះអាងថា ការស្លាប់របស់មនុស្សគ្រប់រូប គឺជាជោគវាសនាដែលមិនអាចគេចផុត ប៉ុន្តែសេដ្ឋកិច្ចប្រទេសជាតិទើបជារឿងដែលសំខាន់បំផុត៕