(អាមេរិក)៖ បុគ្គលិកក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Facebook ម្នាក់ដែលបានរិះគន់ ការសម្រេចចិត្តរបស់នាយកប្រតិបត្តិរបស់ខ្លួនគឺលោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) ជុំវិញការមិនបានចាត់វិធានការប្រឆាំងនឹងការបង្ហោះសារ របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ កាលពីដើមខែមិថុនាបាននិយាយថា ខ្លួនត្រូវបានក្រុមហ៊ុនបណ្តេញចេញពីការងារ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។
តាមរយៈសំណេរនៅលើគណនី Twitter របស់ខ្លួន លោក ប្រ៊ែនដុន ឌែល (Brandon Dail) ដែលជាវិស្វករម្នាក់របស់ក្រុមហ៊ុន Facebook បានសរសេរយ៉ាងដូច្នេះថា លោកត្រូវបានក្រុមហ៊ុនបណ្តេញចេញពីការងារហើយ។ ចំណែកឯមូលហេតុ នៃការបណ្តេញចេញនេះ លោកបានបកស្រាយថា គឺទំនងដោយសារការស្តីបន្ទោសជាសាធារណៈរបស់លោក ចំពោះមិត្តរួមការងារម្នាក់ ដែលបានបដិសេធមិនបន្ថែមសេចក្តីថ្លែងការណ៍ គាំទ្រដល់ចលនាប្រឆាំងការរើសអើងជនជាតិស្បែកខ្មៅ «Black Lives Matter» ទៅក្នុងឯកសារសម្រាប់គម្រោងកម្មវិធី ដែលលោកកំពុងផ្សព្វផ្សាយ។
តែតាមពិតទៅ លោក Dail គឺជាមនុស្សម្នាក់ដែលត្រូវបានគេស្គាល់ថា បានរិះគន់គោលជំហររបស់លោក Mark Zuckerberg យ៉ាងចាស់ដៃ ទាក់ទងនឹងការបង្ហោះសារដ៏ចម្រូងចម្រាសមួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីដើមខែមិថុនា។
គួរជម្រាបថា បុគ្គលិក Facebook ជាច្រើននាក់ រួមទាំងលោក Dail ផងដែរនោះបានសម្តែងការមិនពេញចិត្តជាខ្លាំង ចំពោះការធ្វើមិនដឹងមិនលឺរបស់ក្រុមហ៊ុននេះ ជុំវិញសារដ៏ចម្រូងចម្រាសមួយរបស់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានបង្ហោះកាលពីដើមខែមិថុនា កន្លងទៅនេះ។ សារមួយដែលក្រុមហ៊ុន Twitter បានដាក់សញ្ញាអាសន្នថា ជាសារបែបញុះញុង និងជំរុញអំពើងហិង្សា ខណៈក្រុមហ៊ុន Facebook វិញមិនបានចាត់វិធានការអ្វីទាំងអស់។ ជុំវិញបញ្ហានេះ នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានព្យល់ថា «វាជាសិទ្ធិបញ្ចេញមតិ» ដូច្នេះបណ្តាញទំនាក់ទំនងសង្គម គ្មានសិទ្ធិក្នុងអាកាត់សេចក្តីនោះទេ៕