(ប៉េកាំង)៖ ផ្សារលក់ទំនិញធំមួយនៅទីក្រុងប៉េកាំងឈ្មោះ ស៊ីនហ្វាទី (Xinfadi) ត្រូវបានបិទជាបណ្តោះអាសន្ននៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង ក្រោយពីបុគ្គិលិកបម្រើការងារក្នុងនោះ រួមទាំងមនុស្សមួយចំនួនទៀតសរុប ០៦នាក់ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះជំងឺ COVID-19 កាលពីថ្ងៃសុក្រម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ជុំវិញបញ្ហាខាងលើនេះ អ្នកនាំពាក្យគណៈកម្មការសុខាភិបាលប៉េកាំងលោក កៅ ហ្សាវជុន (Gao Xiaojun) បានអះអាងថា មនុស្សទាំងអស់ដែលធ្លាប់មានទំនាក់ទំនងជាមួយអ្នកដែលឆ្លងជំងឺនៅក្នុងផ្សារ Xinfadi ចាប់តាំងពីថ្ងៃទី៣០ ខែឧសភា ត្រូវតែមកធ្វើតេស្តរកវីរុសកូរ៉ូណា។ លោក Gao បានបន្តទៀតថា ទីក្រុងប៉េកាំងមានវិទ្យាសាស្ត្រចំនួន ៩៨ ដែលមានសមត្ថភាពអាចទទួលអ្នកធ្វើតេស្តសរុប ៩០,០០០នាក់។
គួរបញ្ជាក់ថា ដើម្បីកុំឲ្យចរន្តផ្គត់ផ្គង់ទំនិញក្នុងទីក្រុងប៉េកាំង ដែលមានដូចជា ត្រី សាច់ បន្លែ និងផ្លែឈើជាដើមមានភាពរាំងស្ទះនោះ ទីតាំងពិសេសមួយចំនួនត្រូវបានរៀបចំ ដើម្បីបន្តការលក់ដូរទំនិញ ប៉ុន្តែត្រូវស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ដើម្បីកុំឲ្យមានករណីឆ្លង COVID-19 ផ្ទុះឡើងបន្ថែមទៀត។ ផ្សារលក់ទំនិញ Xinfadi មានទំហំ ១២ហិកតា, បុគ្គលិក ១,៥០០នាក់ និងអ្នកជួល-លក់ទំនិញនៅទីនោះមានសរុប ៤,០០០នាក់៕