(ប៉ារីស)៖ ក្រសួងការបរទេសបារាំងនៅថ្ងៃសុក្រសប្តាហ៍នេះ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ដកទណ្ឌកម្មរបស់ខ្លួនចេញពី មន្ត្រីតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលបានធ្វើការស៊ើបអង្កេតលើឧក្រិដ្ឋកម្មសង្គ្រាម នៅប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋមន្រ្តីក្រសួងការបរទេសបារាំងលោក ហ្សង់ អ៉ីវ ឡឺ ទ្រីយ៉ុង (Jean-Yves Le Drian) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងយ៉ាងដូច្នេះថា «សេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិក គឺជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើតុលាការ និងរដ្ឋភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម។ លើសពីនេះទៀត វាជាបញ្ហាប្រឈមសម្រាប់គោលការណ៍ពហុភាគីនិយម និងឯករាជ្យភាពរបស់តុលាការ»។
ជាមួយគ្នានេះ ក្រសួងការបរទេសបារាំងក៏បានបញ្ជាក់គោលជំហរសាជាថ្មី នូវការគាំទ្រយ៉ាងពេញទំហឹងរបស់ខ្លួន ចំពោះតុលាការ ICC មួយនេះ បើទោះបីជាសហរដ្ឋអាមេរិក សម្រេចដាក់ទណ្ឌកម្មទៅលើមន្ត្រីមួយចំនួន របស់តុលាការនេះក៏ដោយ។ លោក Le Drian បានមានលើកឡើងយ៉ាងដូច្នេះថា «តុលាការនេះ គឺជាតុលាការព្រហ្មទណ្ឌអចិន្រ្តៃយ៍អន្តរជាតិតែមួយគត់ ដែលមានវិជ្ជាជីវៈជាសកល»។
ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះក៏បានសង្កត់ធ្ងន់ទៀតថា «ICC បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើនិទណ្ឌភាពនៅលើពិភពលោក... បារាំងនឹងខិតខំធានាថា តុលាការនេះអាចបំពេញបេសកកម្មរបស់ខ្លួនដោយឯករាជ្យ និងមិនលំអៀង»។
គួរជម្រាបថា កាលពីខែមីនាកន្លងទៅនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ត្រូវបានអនុញ្ញាតឲ្យមានការស៊ើបអង្កេត លើឧក្រិដ្ឋកម្មសង្រ្គាមដែលអាចកើតមាន នៅក្នុងប្រទេសហ្វាហ្គានីស្ថាន។ ដោយក្នុងនោះមានទាំងការស៊ើបអង្កេតទៅលើទាហានអាមេរិក និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ដែលអាចនាំទៅរកការចោទប្រកាន់ ចំពោះបុគ្គលិកយោធា និងមន្ត្រីស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។
ជុំវិញបញ្ហានេះ សេតវិមានកាលពីថ្ងៃព្រសហ្បតិ៍សប្តាហ៍នេះ បានសម្រេចអនុញ្ញាតឲ្យមាន ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងមន្ត្រី ICC ដែលបានចូលរួមដោយផ្ទាល់ក្នុងការស៊ើបអង្កេតនេះ។ មិនតែប៉ុណ្ណោះ សេតវិមានថែមទាំងបានសម្រេចរឹតត្បិតទិដ្ឋាការមន្ត្រីទាំងនោះ រួមទាំងសមាជិកគ្រួសាររបស់ពួកគេផងដែរ៕