(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីនបានប្រកាសឲ្យដឹងថា អ្នកឆ្លងជំងឺ COVID-19 ចំនួន ៦០៧នាក់ទៀតត្រូវបានប្រកាសនៅថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ នេះតែម្តង ដែលនាំឲ្យចំនួនករណីឆ្លងសរុប នៅក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ២៥,៣៩២ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។
ដោយឡែកនៅក្នុងរយៈពេលដូចគ្នា អ្នកជំងឺ COVID-19 ចំនួន ២២នាក់បន្ថែមទៀតក៏បានបាត់បង់ជីវិតផងដែរ ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិតសរុប កើនឡើងរហូតដល់ ១,០៧៤នាក់។ បន្ថែមពីនេះអ្នកជំងឺ ២៥២នាក់បានជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនដល់ ៥,៧០៦នាក់។
គួរបញ្ជាក់ថា ហ្វីលីពីន សិង្ហបុរី និងឥណ្ឌូណេស៊ី គឺជាប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនជាងគេបំផុត ក្នុងចំណោមប្រទេសអាស៊ានទាំង ១០ ប៉ុន្តែសិង្ហបុរីមានករណីស្លាប់តិចបំផុតតែ ២៥នាក់ប៉ុណ្ណោះ បើធៀបនឹងករណីឆ្លងដែលខ្លួនកំពុងឈរនៅលេខ ១ ដែលមានរហូតដល់ ៤០,១៩៧ករណី៕