(ញូយ៉ក)៖ លោក ម៉ាក ហ្សាក់ខឺប៊ឺក (Mark Zuckerberg) និងភរិយាបាននិយាយថា ពួកគេមាន «ការខ្ពើមរអើមយ៉ាងខ្លាំង» ចំពោះការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញការធ្វើបាតុកម្មនៅទូទាំងប្រទេស ប្រឆាំងនឹងការរើសអើងពូជសាសន៍ កាលពីពេលកន្លងទៅនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN នាល្ងាចថ្ងៃសោរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងនៅក្នុងលិខិតមួយផ្ញើទៅកាន់ក្រុមអ្នកវិទ្យាសាស្ត្រចំនួន ១៦០នាក់ ដែលបានរិះគន់ក្រុមហ៊ុនហ្វេសប៊ុក (Facebook) ថា មិនបានធ្វើអ្វីសោះចំពោះវោហាសាស្ត្ររបស់លោក ត្រាំ ដែលបានបង្ហោះលើបញ្តាញទំនាក់ទំនងសង្គមមួយនេះ កាលពីដើមខែកន្លងទៅនេះ។
ក្រុមអ្នកស្រាវជ្រាវចំនួនជាង ១៦០នាក់ដែលទទួលបានថវិកាតាមរយៈការផ្តួចផ្តើមរបស់មូនិធិ ចាន់ ហ្សាក់ខឺប៊ឺក (Chan Zuckerberg Initiative ឬ CZI) បានផ្ញើលិខិតមួយទៅកាន់គូស្វាមីភរិយាខាងលើ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ដោយស្នើសុំឲ្យពួកគេពិចារណាឡើងវិញ នូវគោលនយោបាយរបស់ក្រុមហ៊ុន Facebook ព្រមទាំងបានរិះគន់ចំពោះការអនុញ្ញាតឲ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផ្សព្វផ្សាយព័ត៌មានមិនពិត និងប្រើប្រាស់ភាសាបែបញុះញង់។
ជាការឆ្លើយតបលោក Mark Zuckerberg និងភរិយា បានសរសេរក្នុងលិខិតមួយយ៉ាងដូច្នេះថា «ពួកគេមិនស្រណុកចិត្ត និងខ្ពើមរអើម ចំពោះវោហាសាស្ត្របែបញុះញង់ និងអសកម្មរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅលើបណ្តាញទំនាក់ទំនង Facebook»។ តែទោះជាយ៉ាងណា ពួកគេបានបន្ថែមថា «វេទិកានៃបណ្តាញទំនាក់ទំនងសង្គមនេះ តែងធ្វើការងារដោយឯករាជ្យ និងមានគោលនយោបាយសម្របសម្រួលផ្ទាល់ខ្លួន»។
គួរជម្រាបថា លោក Mark Zuckerberg និងក្រុមហ៊ុន Facebook បានរងការរិះគន់ជាច្រើន ពីសំណាក់មនុស្សនានា ជុំវិញការមិនបានធ្វើអ្វីសោះ ចំពោះសារលោកប្រធានាធិបតី ដូណាល់ ត្រាំ ដែលត្រូវបានបង្ហោះកាលពីដើមខែកន្លងទៅនេះ ផ្ទុយពីអ្វីដែលក្រុមហ៊ុន Twittter បានធ្វើនោះគឺការដាក់សញ្ញាព្រមានអំពីការពិត ឬតម្លាភាពចំពោះសារលោក ត្រាំ បានបង្ហោះ ដែលប្រការនោះក៏បានធ្វើឲ្យប្រធានាធិបតីអាមេរិករូបនេះខឹងច្រឡោត និងចង់បិទ Twitter ចោលផងដែរ៕