(ហ្សាការតា)៖ ឥណ្ឌូណេស៊ីគ្មានសញ្ញាធូរស្រាលនៅឡើយទេ ជុំវិញការរាតត្បាតនៃជំងឺ COVID-19 ដោយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ អ្នកឆ្លងជំងឺសរុប ១,០១៤នាក់ទៀតត្រូវបានកត់ត្រា ធ្វើឲ្យចំនួនករណីឆ្លងសរុបក្នុងប្រទេសអាស៊ានមួយនេះ កើនឡើងដល់ ៣៧,៤២០ករណី។ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលឥណ្ឌូណេស៊ីលោក អាកម៉ាត់ យូរានតូ (Achmad Yurianto) បានបញ្ជាក់នៅថ្ងៃសៅរ៍នេះថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកជំងឺ COVID-19 ចំនួន ៤៣នាក់បន្ថែមទៀតក៏បានបាត់បង់ជីវិតផងដែរ ធ្វើឲ្យចំនួនអ្នកបាត់បង់ជីវិត​​ដោយសារជំងឺរាតត្បាតសកលនេះសរុបកើនដល់ ២,០៩១នាក់ ខណៈអ្នកជាសះស្បើយវិញ​បានកើនឡើងដល់ ១៣,៧៧៨នាក់ (ក្នុងនោះ ៥៦៣នាក់ទើបចេញពីមន្ទីរពេទ្យ)។

ទោះបីជាកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានមនុស្សស្លាប់ដោយសារ COVID-19 ច្រើនជាងគេបំផុតប្រចាំតំបន់អាស៊ានពិតមែន ក៏ប្រទេសឥណ្ឌូណេស៊ីនៅតែកំពុងរៀបចំផែនការ ក្នុងការអនុញ្ញាតឲ្យជីវិតរស់នៅ និងរកស៊ីធ្វើការរបស់ប្រជាជន វិលទៅរកស្ថានភាពធម្មតាវិញផងដែរ ប៉ុន្តែត្រូវស្ថិតនៅក្រោមវិធានការ​ការពារសុវត្ថិភាពយ៉ាងតឹងរ៉ឹង៕