(វ៉ាស៊ីនតោន)៖ ពេលវេលាជាក់លាក់ត្រូវបានប្រកាសហើយ នោះគឺយានស្រាវជ្រាវភពអង្គារថ្មី របស់អង្គការ NASA ឈ្មោះភើសេវើរែនស៍ (Perseverance) នឹងត្រូវបាញ់បង្ហោះចេញពីសហរដ្ឋអាមេរិក នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ និយាយរួមទៅគឺនៅសល់ពេលតែជាងមួយខែទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០។
យានខាងលើនេះនឹងត្រូវពាំដោយគ្រាប់រ៉ុក្កែត Atlas V របស់ក្រុមហ៊ុន United Launch Alliance (ULA) ចេញពីមូលដ្ឋានបាញ់បង្ហោះ Cape Canaveral ច្រក Complex-41 នៃកងទ័ពអាកាសអាមេរិកស្ថិតក្នុងរដ្ឋផ្លូរីដា។ យាន Perseverance ដែលផ្ទុកដោយឧបករណ៍វិទ្យាសាស្ត្រ ០៧មុខសំខាន់ៗនេះ គ្រោងនឹងហោះទៅដល់ភពអង្គារ ហើយធ្វើការចុះចតនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ (ពេលវេលាលើផែនដី)។
យោងតាមអង្គការ NASA យាន Perseverance នឹងត្រូវធ្វើការសិក្សាអំពីអតីតកាលនៃភពអង្គារ តាមរយៈការស្វែងរកសំណល់នៃពពួកមីក្រូសារីរាង្គ, ស្វែងយល់ពីបរិយាកាស និងភូមិសាស្ត្រនៃភពអង្គារ, ជីកយកគំរូតាងពីភពអង្គារ រួចបាញ់បញ្ជូនមកកាន់ភពផែនដីវិញ និងត្រួសត្រាយផ្លូវសម្រាប់បេសកកម្មមនុស្ស ទៅកាន់ភពក្រហមមួយនេះនៅប៉ុន្មានទសវត្សរ៍ខាងមុខ។
បេសកកម្មយាន Perseverance គឺធំជាងគេបំផុតនៅភពអង្គារ មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីបេសកកម្មយាន ឃារីយ៉ូស៊ីតធី (Curiosity) ដោយវាដើរត្រសងជាមួយផែនការរបស់ NASA ដែលកំពុងកសាងគំរោង Artemis នៅព្រះច័ន្ទ ដើម្បីនាំមនុស្សទៅកាន់ព្រះច័ន្ទជាថ្មី រួចទើបសម្រួលឲ្យមានការបញ្ជូនមនុស្សទៅស្រាវជ្រាវភពព្រះអង្គារនៅពេលបន្ទាប់។ ឧបករណ៍ពិសេសមួយនៅក្នុងខ្លួន Perseverance នោះគឺកូនឧទ្ធម្ភាគចក្រកង្ហារភ្លោះ នឹងក្លាយជាឧបករណ៍ហោះហើរដំបូង ដែលមនុស្សបញ្ជូនទៅភពផ្សេង។
ក្រៅពីអង្គការ NASA ប្រទេសចិន និងអេមីរ៉ាត់អារ៉ាប់រួមក៏បានប្រកាសពីការបញ្ជូនយានរបស់ពួកគេទៅកាន់ភពអង្គារជាលើកដំបូងផងដែរ ដោយផ្កាយរណបបូករួមទាំងយានរុករកចិនលើដីភពអង្គារមានឈ្មោះថា បេសកកម្មធានវិន-១ (Tianwen-1) ខណៈយាន-ផ្កាយរណបរបស់អេមីរ៉ាត់អារ៉ាប់រួមមានឈ្មោះថា អាម៉ាល់ (Amal)។ ដោយឡែកអឺរ៉ុប និងរុស្ស៊ីបានប្រកាសកាលពីប៉ុន្មានខែមុននេះថា យាន ExoMars ដែលពួកគេគ្រោងបញ្ជូនទៅភពអង្គារ ក្នុងពេលតំណាលគ្នានឹងប្រទេសទាំងបីខាងលើដែរនោះ គឺត្រូវពន្យារពេលវិញរហូតដល់ឆ្នាំ២០២២ ឯណោះ ដោយសារតែក្រុមវិស្វករ មិនបញ្ចប់ការធ្វើតេស្តយាន ExoMars ឲ្យបានទាន់ពេល។
គួរបញ្ជាក់ថា ការសម្រេចជ្រើសយកខែកក្កដា ឆ្នាំ២០២០ ជាពេលត្រូវបាញ់បង្ហោះយានទៅកាន់ភពព្រះអង្គារនោះ គឺព្រោះតែវាជាពេលដែលផែនដី និងភពអង្គារគោចរមកកាន់ចំណុចត្រសងគ្នា ដូច្នេះការចំណាយពេលហោះទៅកាន់ភពអង្គារនឹងមានរយៈពេលខ្លី។ បន្ថែមពីនេះឱកាសដែលផែនដី និងភពអង្គារអាចមកកៀកគ្នាបែបនេះ គឺមានតែកំឡុង ២២ខែម្តងប៉ុណ្ណោះ៕